ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្វើខួបម្ដង ខុសគេឡើងកប់ហ្មង ស៊ិន សុធារិទ្ធ យប់មិញ!

កាលពីថ្ងៃទី១៨ មករា តារាសម្ដែងលោកស៊ិន សុធារិទ្ធ ដែលត្រូវគេស្គាល់ថាជាតួឯកក្នុងរឿងភាគរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងរឿង«កំលោះទាំង៣»បានធ្វើពិធីខួបកំណើតធំដុំជាលើកទី១នៅក្នុងជីវិត។ ប៉ុន្តែនៅក្នុងថ្ងៃនោះគេកត់សម្គាល់ថាលោករំលេចនូវរឿងខុសគេឡើងកប់ហ្មង ខណៈដែលពិធីខួបកំណើតរបស់ម្ចាស់ខួបភាគច្រើន គេកម្រឃើញបែបនោះ។

ចំណុចដែលខុសប្លែកគេនោះ គឺលោក ស៊ិន សុធារិទ្ធ មិនប្រើនំខេកដើម្បីធ្វើពិធីតាមបែប​ បស្ចិមប្រទេសនោះទេ តែលោកបានប្រើនំខ្មែរដែលច្នៃដោយស្នាដៃខ្មែរធ្វើជានំសម្រាប់ឆ្លងខួបកំណើតតែម្ដង ដោយលោកបញ្ជាក់ថានោះជាអ្វីដែលលោកចង់រំលឹកអោយតារាសិល្បៈ ជាពិសេសម្ចាស់ខួបដែលនិយមប្រារព្ធពិធីតាមបែប ​បស្ចិមប្រទេសមួយនេះ ដាក់បញ្ចូលប្រភេទនំដែលជារបស់ខ្មែរជាជំនួសវិញ ដើម្បីអោយប្លែកផង និងដើម្បីអោយអ្នកចូលរួមបានស្គាល់ពីប្រភេទនំខ្មែរផង។

នៅក្នុងពិធីរបស់លោកគេឃើញលោករៀបចំនំខ្មែរច្រើនប្រភេទ ដែលគេនិយមប្រើក្នុងពិធីទទួលភ្ញៀវក្នុងមង្គលការ និងក្នុងពិធីទទួលភ្ញៀវធំដុំផ្សេងធ្វើជានំខួបកំណើត ខណៈដែលរចនាបទនំនោះ ក៏ត្រូវបានរៀបចំជាក្បូរក្បាច់មើលទៅស្រស់ស្អាត ហើយប្លែកភ្នែកខុសស្រឡះពីនំខួបក្នុងពិធីខួបកំណើតរបស់មនុស្សទូទៅ។ នំខ្មែរទាំងនេះ លោកថាមិនទាន់ដូចចិត្តដែលលោកចង់បាននោះផង ដោយសារតែក្នុងពេលកុម្មង់លោកចង់រំលេចនំបែបខ្មែរជាច្រើនប្រភេទផ្សេងទៀត ប៉ុន្តែមកពីការរៀបចំគិតគូមិនទាន់ទើបលោកធ្វើបានត្រឹមតែប៉ុណ្ណឹង។

ភាពខុសគេមួយទៀតដែលលោកបានរំលេចនៅក្នុងពិធីខួបកំណើតនោះដែរ គឺលោកបែរជាបង្ហូរទឹកភ្នែកក្នុងថ្ងៃខួបកំណើត ក្នុងពេលដែលគេគ្រប់គ្នាសើចសប្បាយ និងតែងបួងសួងដោយស្នាមញញឹមដើម្បីសិរីសួស្ដី។

លោកបានបង្ហូរទឹកភ្នែកនៅឡើងបង្ហាញអារម្មណ៍អរគុណភ្ញៀវ និង សំឡឹងឃើញពីភាពអឹកអធឹកក្នុងពិធីខួបរបស់ខ្លួន។ លោកអះអាងថា នៅពេលដែលលោកផ្លុំនំ និងពេលដែលលោកបានឃើញបណ្ដា តារាសិល្បៈ និងភ្ញៀវកិត្តិយសសម្រុកមកចូលរួមក្នុងពិធីរបស់លោក គឺលោកចាប់ផ្ដើមក្ដុកក្ដួល និងទប់អារម្មណ៍លែងជាប់តែម្ដង ដោយសារតែម្ដាយរបស់លោកមិនបានមកឃើញនូវអ្វីដែលលោកប្រឹងប្រែង។

លោកថាជារឿងសោកស្ដាយខ្លាំងណាស់ ដែលម្ដាយរបស់លោកបានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុន ហើយមិនអាចបានដឹងពីអ្វីដែលជាជំហានជោគជ័យ ក្រោយលោកតស៊ូ។ អ្វីដែលលោករន្ធត់ចិត្តដល់ទប់ទឹកភ្នែកកណ្ដាលពិធីមិនបាន គឺលោកមិនដែលនឹកថាខ្លួនមានលទ្ធភាពអាចក្លាយជាតារាសិល្បៈ ដែលជោគជ័យម្នាក់ និងមិនដែលនឹកថានឹងមានលទ្ធភាពបានធ្វើពិធីខួបកំណើត ហើយបានតារាសិល្បៈកុះករមកចូលរួមបែបហ្នឹងតែម្ដង។ អ៉ីចឹងហើយទើបលោករកទប់ទឹកភ្នែកមិនបាន នៅពេលដែលអាចសម្រេចក្ដីស្រម៉ៃបាន ប៉ុន្តែមិនអាចអោយម្ដាយរបស់លោកបានឃើញ។ យ៉ាងណាមិញ លោកថាសប្បាយចិត្តដែលបានលោកឪពុក និងលោកយាយបង្កើត បានឃើញ បើទោះជាអ្វីដែលលោកចង់បានបំផុតគឺវត្តមានរបស់ម្ដាយមកជូនពរលោកនៅក្នុងថ្ងៃនោះ។

បណ្ដាភ្ញៀវកិត្តិយសមិនតិចនោះសម្ដែងការចាប់អារម្មណ៍នូវភាពខុសគ្នារបស់តារារូបនេះ តែម្នាក់ៗក៏សរសើរមិនដាច់ពីមាត់ផងដែរ នៅពេលបានទទួលពីការបកស្រាយរបស់លោក។

លោកស៊ិន សុធារិទ្ធ បានថ្លែងបន្តថា លោកសម្រេចចិត្តធ្វើពិធីខួបកំណើតគម្រប់អាយុ២៨ឆ្នាំ បន្ទាប់ពីលោកយល់ថាខ្លួនមិនដែលមានពិធីមង្គលការសម្រាប់ខ្លួនទាល់តែសោះ ទើបសម្រេចរៀបចំប្រមាណ២០តុ ហើយក៏ឃើញថាបងប្អូនតារាសិល្បៈមកចូលរួមកុះករ បើទោះជាក្នុងថ្ងៃនោះមានពិធីរបស់តារាសិល្បៈជាន់គ្នា២ ទៅ៣កន្លែង។ លោកបានបន្តថា ថ្ងៃខួបរបស់លោក ត្រូវចំថ្ងៃ១ មករា នោះទេ ប៉ុន្តែដោយសារតែដកឃ្លាមិនរួចពីសិល្បៈ និងគិតថាថ្ងៃឆ្លងឆ្នាំនោះពិបាកអញ្ជើញភ្ញៀវ ទើបលោកសម្រេចធ្វើថ្ងៃ១៨ មករា ជំនួស។ លោកប្រកាសថាក្រោយពិធីមង្គលនេះ លោកនឹងបង្ហាញខ្លួនចេញថតក្នុងខ្សែភាពយន្តថ្មី ខណៈដែលភាពយន្តដែលលោកបានសម្ងំសម្ដែងទាំងជាតួឯក និងជាតួរងមួយចំនួន ក៏នឹងត្រៀមដាក់បញ្ចាំងបណ្ដាក់គ្នានៅលើកញ្ចក់ទូរទស្សន៍៕

មតិយោបល់