ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ! សម្ងំជក់គ្រឿងញៀន ជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានបង្ក្រាប និងឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន៦នាក់ ដែល​សម្ងំជក់គ្រឿងញៀន ស្ថិតក្នុងសាលារៀនទឹកល្អក់ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ជនសង្ស័យទី១ឈ្មោះ ជា ចិន្ដា ភេទប្រុស អាយុ២២ឆ្នាំ ទី២​ឈ្មោះ រស់ ឈុនលេង ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣​ឈ្មោះ លឹម សុគា ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤ឈ្មោះ ចាង យាណូ ភេទប្រុស អាយុ២២ឆ្នាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនស្គាល់ទីតាំងជនដែលលក់គ្រឿងញៀនឲ្យពួកគេ ទើបក្នុងថ្ងៃ​ដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកបាន សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបាន២នាក់បន្ថែមទៀត ដែលជាអ្នកចែកចាយគ្រឿងញៀន ក្នុងនោះមាន​ទី១​ឈ្មោះ សេង ពៅ ហៅអាគក ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២​ឈ្មោះ សេង ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង​៦នាក់​ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់