ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ដើរសុខៗស្រាប់តែដួលផ្កាប់មុខស្លាប់ភ្លាមៗ…

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ដោយបុរសជនជាតិចិនម្នាក់បាន ដើរដួលផ្កាប់មុខ ហើយត្រូវប្រជាពលរដ្ឋជួយលើកធ្វើចលនា តែជាអកុសលជនរងគ្រោះ បានស្លាប់ភ្លាមៗ ត្រង់ចំណុចមុខហាង ម៉ាស្សាកោសជប់ យីហោ (ម៉េងជូ) លើផ្លូវបេតុង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសម្ដីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើ បានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសជនជាតិចិន២នាក់ បានដើរមកកន្លែងកើតហេតុ ហើយម្នាក់បានចូលក្នុងហាងម៉ាស្សាកោសជប់ខាងលើ រីឯជនរងគ្រោះមិនបានចូលជាមួយនោះទេ ដោយបានដើរចុះដើរឡើង២ទៅ៣ជុំ ត្រង់ចំណុចកើតហេតុ ។ លុះមួយសន្ទុះក្រោយក៏ស្រាប់តែដើរដួលផ្កាប់មុខ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុមានការភ្ញាក់ផ្អើល មានអ្នកខ្លះជួយលើកធ្វើចលនាដើមទ្រូង និងអ្នកខ្លះទៀត ទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកដឹកយកទៅមន្ទីរពេទ្យ តែជាអកុសល ខណៈគ្រូពេទ្យមកដល់ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចដ្ឋានបានចុះមកដល់ និងទាក់ ទងទៅខាងសមត្ថកិច្ចជំនាញកោសល្យវិច័យឲ្យមកពិនិត្យ ទើបដឹងថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គ (គាំងបេះដូង) រួចក៏ធ្វើឯកសារប្រគល់ឲ្យសាច់ញាតិ ឬអ្នកស្គាល់ជាជនជាតិចិនដូចគ្នា ចាត់ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់