ព័ត៌មានជាតិ

ចាប់មិនចេះអស់! សមត្ថកិច្ចឃាត់ខ្លួនយុវជនពីរនាក់ ចូលប៉ុស្តិ៍

កណ្តាល: ជនសង្ស័យពីរនាក់ ម្នាក់ធ្លាប់ជាប់ពន្ធនាគារ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវនគរបាលស្រុកកោះធំ ចុះល្បាតតាមភូមិសាស្ត្រប្រទះឃើញ ក៏ឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀន (ម៉ាទឹកកក)ចំនួន ៤កញ្ចប់តូច។

ហេតុការណ៍នេះ បានកើតទ្បើងនៅថ្ងៃព្រហស្បតិ៍​ ០២កើត ខែមាឃ​ ឆ្នាំរកា ព.ស២៥៦១ ត្រូវ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧ និង ៣០នាទីយប់ នៅចំណុចភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ រ័ត្ន ផាត់​យុទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ ទី២.ឈ្មោះ ហេង សោភា ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាដក ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce)ចំនួន ៤កញ្ចប់តូច ទូរស័ព្ទចល័តចំនួន១គ្រឿង ចំពាមកៅស៊ូចំនួន១ កាំភ្លើងកែច្នៃប្រើខ្យល់បាញ់គ្រាប់កង់ ចំនួន១ដើម គ្រាប់កាំភ្លើង (គ្រាប់កង់) មួយចំនួន។

ប្រភពដដែល បនបញ្ជាក់ថា កាលពីវេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកកោះធំ បានដើរចល័តល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ដើម្បីការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ។ លុះនៅវេលាម៉ោងកើតហេតុ ពេលល្បាតមកដល់ចំណុចភូមិក្បាលដំរីលើ ឃុំកំពង់កុង ក៏បានជួបមុខសញ្ញាសង្ស័យខាងលើ កំពុងតែឈរលេងនៅលើផ្លូវជាតិ លេខ១១០ ដោយមានការសង្ស័យ កម្លាំងយើងបានស្ទាក់ឲ្យឈប់ ស្រាប់តែពេលនោះ ឈ្មោះ
ហេង សោភា បានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់ឃាត់បាន រួចធ្វើការត្រួតពិនិត្យរកឃើញមានថ្នាំញៀន
(ម៉ាទឹកកក)ចំនួន ៤កញ្ចប់តូច នៅលើដីក្បែរជនសង្ស័យ ហេង សោភា ដែលបានបោះចោល។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទាំងពីរនាក់ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០៤កញ្ចប់តូចខាងលើនេះ ពិតជារបស់ពួកខ្លួនប្រាកដមែន ដោយពួកគេ បានចូលលុយគ្នាទិញមកពីក្រុងភ្នំពេញ ដោយឡែកជនសង្ស័យ ឈ្មោះ ហេង សោភា គឺជាមុខសញ្ញចាស់ ដែលទើបនឹងចេញពីពន្ធនាគារ ខេត្តកណ្តាល៕

មតិយោបល់