កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អគ្គិភ័យបានលេបត្របាក់ឃ្លាំងក្រដាសអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យក្រដាសដែលនៅក្នុងឃ្លាំងទទួលរងការខូចខាតអស់មួយចំនួនផងដែរ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ឃ្លាំងអេតចាយដែលត្រូវអគ្គិភ័យឆាបឆេះ ជារបស់ឈ្មោះ ឈឿន ប៊ុនឆន ស្ថិតក្នុងភូមិព្រែកទន្លា ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ហើយការឆេះនេះផងដែរ ក្រដាសមួយចំនួនទទួលរងការខូចខាតទាំងស្រុង ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កម្មករនៅឃ្លាំងក្រដាសអេតចាយ កំពុងដឹកស្តុកបញ្ជូនចេញចូលជាធម្មតា ខណៈកម្មករកំពុងធ្វើការក៏ស្រាប់តែមានអណ្ដាតភ្លើងចេញពីគំនរក្រដាសក្នុងឃ្លាំង ហើយក៏បានឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ភ្លាមនោះក៏មានការផ្អើលឆោឡោ និងរាយការណ៍ជូនកម្លាំងនគរបាលស្រុកកោះធំ ចុះអត្ដរាគមន៍យករថយន្ដពន្លត់អគ្គិភ័យទៅពន្លត់ រហូតមកដល់វេលាម៉ោង៤ទៀបភ្លឺ ចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបអគ្គិភ័យរលត់ទាំងស្រុង ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញពុំទាន់ដឹងថា បណ្ដាលមកពីមូលហេតុអ្វីច្បាស់លាស់នេះ ដែលហេតុធ្វើឲ្យកើតមានបែបនេះ៕
មតិយោបល់