អចលន​ទ្រព្យ

៣ថ្ងៃទៀត ផ្លូវថ្មើរជើងមាត់ទន្លេ ពីស្ពានកោះពេជ្រដល់ស្ពានព្រះមុនីវង្ស ចាប់ផ្តើមសាងសង់ហើយ

គម្រោងផ្លូវថ្មើរជើង ប្របតាមមាត់ទន្លេពីស្ពានភ្លោះកោះពេជ្រ ដល់ស្ពានព្រះមុនីវង្ស គ្រោងនឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែមករា ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពី រដ្ឋបាលរាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលមានលំនៅដ្ឋាន ឬអាជីវកម្មនានា ដែលកំពុងអាស្រ័យផលនៅទីតាំងខាងលើ សូមរុះរើចេញជាបន្ទាន់នូវ ចំណែកនៃសំណង់ផ្សេងៗ ដែលបានលយចូលច្រាំងទន្លេសាធារណៈ និងត្រៀមរៀបចំឯកសារផ្សេងៗ ពាក់ព័ន្ធនឹងសិទ្ធិ ឬការកាន់កាប់។

ការសាងសង់សួនច្បារ និងផ្លូវថ្មើរជើងប្របមាត់ទន្លេនេះ គឺសម្រាប់ប្រជាពលរដ្ឋកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ អាចដើរកម្សាន្តតាមបណ្តោយមាត់ទន្លេ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាពិសេសគឺ កាត់បន្ថយការកកស្ទះចរាចរណ៍ នៅពេលមានមនុស្សច្រើនចូលរួមពិធីបុណ្យធំៗ។

គួរបញ្ជាក់ដែរថា ដោយមើលឃើញពីសក្តានុពលនៃផ្សាររាត្រីភ្នំពេញ សាលារាជធានីភ្នំពេញ គ្រោងនឹងកែលម្អសោភ័ណភាពនៃផ្សាររាត្រីនេះ ឲ្យក្លាយទៅជាតំបន់ផ្សារទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិផងដែរ៕

មតិយោបល់