កណ្តាលៈ ឧកញ៉ា ពៅ ដែលគេស្គាល់ថា ថៅកែរណ្ដៅដីជាច្រើនកន្លែង នៅស្រុកស្អាង កំពុងត្រូវបានសមត្ថកិច្ចស្វែងរកចាប់ខ្លួន ក្រោយបាញ់បោះសេរីជាច្រើនគ្រាប់។
ប្រភពពីមន្ត្រីប៉ូលិស សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា នេះជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងបានបង្កឲ្យមានអសន្តិសុខក្នុងមូលដ្ឋាន ដែលពុំអាចលើកលែងបានឡើយ។
ការបាញ់បោះសេរីនេះ កើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៨ បន្ទាប់ពីឧកញ៉ារូបនោះ មានការខឹងនឹងមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល ចុះពិនិត្យរណ្ដៅដីគ្មានច្បាប់អនុញ្ញាតរបស់ខ្លួន។
ឧកញ៉ាពៅ ដែលមានទីលំនៅ ក្នុងក្រុងតាខ្មៅ ពេលនេះ សមត្ថកិច្ចកំពុងសុំគោលការណ៍ពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីឃាត់ខ្លួនយកមកសាកសួរតាមនីតិវិធី ។
នគរបាលស្រុកស្អាង នៅថ្ងៃទី១៩ ខែមករា នេះ ក៏បានចុះដល់កន្លែងកើតហេតុផងដែរ ដោយរកឃើញសំបកគ្រាប់ផ្ទុះជាច្រើន ដែលឧកញ៉ា ពៅ បានបាញ់គំរាមមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល ។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ឧកញ៉ា ពៅ ដែលជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ ថែមទាំងមានកាំភ្លើង៣ដើម ដោយគេមិនទាន់ដឹងថា មានលិខិតអនុញ្ញាតឲ្យប្រើអាវុធ បានត្រឹមត្រូវដែរឬយ៉ាងណាទេ៕
មតិយោបល់