ព័ត៌មានជាតិ

រាំឌឺដងគ្នា! ស្ទាក់វាយស្លាប់ម្នាក់ គេចខ្លួន២ថ្ងៃ ត្រូវសមត្ថកិច្ចវាយខ្នោះ

កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាចេតនាស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវបេតុង ខាងត្បូងវត្តអង្គតាភេម ប្រហែល២៥០ម៉ែត្រ ភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បង្កដោយជនល្មើស១ក្រុមបានស្ទាក់គប់ និងវាយជនរងគ្រោះឈ្មោះ ស៊ីម ឧសភា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្វែ ឃុំក្រាំងអំពិល ស្រុកសំរោងទង បណ្តាលឲ្យរបួសក្បាលខាងស្តាំ ផុងលលាដ៏ ថ្ងាស់ និងរលាត់ដៃជើង១១កន្លែង។

មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិ បានជិះម៉ូតូចេញពីរាំ ក្នុងវត្តអង្គតាភេម ពិធីបុណ្យឆ្លងសមិទ្ធផល ពេលមកដល់ចំណុចកើត
ក្រុមជនល្មើស បានស្ទាក់គប់និងវាយ បណ្តាលឲ្យរបួសធ្ងន់ ហើយគេចខ្លួនបាត់។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសលជនរងគ្រោះបានស្លាប់ទៅហើយ។

លុះមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ការិយាល័យកម្រិតធ្ងន់ បានចុះសហការស្រាវជ្រាវ ឃាត់ខ្លួនជនល្មើសឈ្មោះ កាន សាន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្វាយជ្រំ ឃុំស្រង់ ស្រុកគងពិសី និងបក្ខពួក សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់