ព័ត៌មានជាតិ

Update៖ រថយន្តដឹកថ្មបុករះរថយន្តនិងម៉ូតូ៥គ្រឿង ស្លាប់ម្តាយមីងនិងក្មួយស្រី កូនប្រុសរបួសធ្ងន់!

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងដោយបណ្តាលឱ្យស្រ្តីជាម្តាយមីងម្នាក់ និង ក្មួយស្រីតូចម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ចំណែកឯកូនប្រុសរបស់នាងម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមកឈរទិញគុយទាវហើយត្រូវបានរថយន្តដឹកថ្មមួយគ្រឿងបោះពួយក្នុងល្បឿនយ៉ាងលឿន ទៅបុករះទាំងមនុស្ស និង រថយន្តចំនួន១គ្រឿង និង ម៉ូតូចំនួន ៥គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតផងដែរ ហើយក្រឡាប់ផ្ងារជើងខ្លួនឯង។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៨ នៅចំណុចខាងមុខ ហាងគុយទាវយីហោ ម៉ាង ចាន់ថន ផ្លូវលេខ៣៦៩ ភូមិកោះក្របី១ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានម្នាក់បានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង ៣នាក់មានទី១-ឈ្មោះ ឆើម រតនៈ ហៅ ស្រីអូន ភេទស្រី អាយុ ៣០ ឆ្នាំ (ត្រូវជាម្តាយមីង) និង ទី២-ឈ្មោះ ពេជ្រ វណ្ណលីដា ភេទស្រី អាយុ ៣ឆ្នាំ (ជាក្មួយ) ទាំងពីរនាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងគើតហេតុភ្លាមៗ ចំណែកឯទី៣-មានឈ្មោះ តុល រ៉ូណា ភេទប្រុស អាយុ ៣ឆ្នាំ (ជាកូនប្រុសរបស់ស្ត្រីរងគ្រោះម្នាក់ខាងលើ) បានរងរបួសធ្ងន់។ ចំណែកបុរសអ្នកបើកបររថយន្តបង្កមានឈ្មោះ ឈុំ ណែម អាយុ ២២ឆ្នាំ មានទីលំនៅក្នុងភូមិ ឈើទាល ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល។ មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាក ហុងដា C125 ព៌ណខ្មៅ ស៊េរីឆ្នាំ ២០០៦ ពាក់ស្លាកលេខក្រុងព្រះសីហនុ1A-1311 មួយគ្រឿង ជិះឌុបកូនប្រុសម្នាក់ និង ក្មួយស្រីតូចម្នាក់ មករកទិញគុយទាវយកទៅហូបនៅហាងគុយទាវខាងលើ ដែលមានចម្ងាយ ប្រមាណជាជាង ២០០ម៉ែត្រពីផ្ទះរបស់គាត់។

តាមប្រភពដដែបានប្រាប់បន្តទៀតថា ពេលដែលនារីរងគ្រោះ និង កូនប្រុស រួមទាំង ក្មួយស្រី ម្នាក់ផងដែរ(សរុបមានគ្នា ៣នាក់) កំពុងតែឈរចាំយកគុយទាវនៅខាងមុខហាងនោះ ក៏ ស្រាប់តែមាន រថយន្តម៉ាក NISSAN ពណ៌ក្រហម គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ខាងលើ បោះពួយក្នុងល្បឿន យ៉ាងលឿន មកបុករះក្រុមជនរងគ្រោះទាំង ៣នាក់ រថយន្តដឹកដីមួយគ្រឿង និង ម៉ូតូចំនួន ៤គ្រឿងទៀត ដែលជារបស់អ្នក មកហូបគុយ ទាវពេញទំហឹងតែម្តង ហើយករឡាប់ផ្ងារជើង និងចាក់ថ្មចោលតែម្តង។ ដោយបណ្តាលឱ្យជនរងគ្រោះ ២នាក់ ម្តាយមីង និង ក្មួយស្រីបានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកឯកូនប្រុសម្នាក់របស់ស្ត្រីរងគ្រោះរងរបួស ធ្ងន់ត្រូវបានគេបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកបុរសជាអ្នកបើកបររថយន្តបង្កក៏ត្រូវចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការបញ្ជូនក្មេងប្រុសរងគ្រោះទៅ កាន់មន្ទីរពេទ្យ ចំណែកឯសាកសពរបស់ស្រ្តីរងគ្រោះជាម្តាយ និង ក្មួយស្រីម្នកា់ដែលស្លាប់ត្រូវបានក្រុមគ្រួសារ បញ្ជូនយកទៅផ្ទះ ដើម្បីតម្កល់ធ្វើបុណ្យទៅតាមប្រពៃណី។ចំណែកឯ បុរសអ្នកបើកបររថយន្តដឹកថ្មបង្ក និង រថយន្តដឹកដីមួយគ្រឿង និង ទាំងម៉ូតូទាំង ៥គ្រឿងដែលរងការខូចខាតនោះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់