ព័ត៌មានជាតិ

ជិះម៉ូតូដើរលួចទូរសព្ទ ត្រូវនគរបាលក្រុងតាខ្មៅ ក្របួចជាប់

កណ្តាល: ចោរប្រហើនម្នាក់ បានជិះម៉ូតូធ្វើសកម្មភាព ដើរលួចទូរសព្ទចៃដន្យសំណាងអាក្រក់ ម្ចាស់គេឃើញរាយការណ៍ជូននគរបាលក្រុងតាខ្មៅ ដេញស្ទាក់ចាប់បានភ្លាមៗ។

ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៥០នាទី ចំណុចផ្សារកាច់ជ្រុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ បានប្រាប់ឲ្យដឹងថា ជនល្មើស ឈ្មោះលីម គីមហេង ភេទប្រុស អាយុ២០ឆ្នាំទីលំនៅ ភូមិព្រះពន្លាសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន) វត្ថុតាងចាប់យក ម៉ូតូ១គ្រឿងម៉ាកTodayពណ៌សលាយខ្មៅផ្លាកលេខភ្នំពេញ1CV-9987-ទូរស័ព្ទដៃចំនួន៥គ្រឿង-ម៉ាកHUWEIពណ៌ខ្មៅ ម៉ាកNOKIAពណ៌ខ្មៅលាយស ម៉ាកSAMZUNG ពណ៌ស៤-ម៉ាកSAMZUNG ពណ៌ស៥-ម៉ាកhonor ពណ៌ទឹកមាស។

លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុជនល្មើសបានចូលលួចទូរសព្ទដៃចំនួន៤គ្រឿងរបស់បងប្អូនជីដូន១របស់ខ្លួនឈ្មោះ លាងហ័រ នៅផ្ទះក្បែរគ្នារួចយកទូរសព្ទដាក់ក្នុងកែបម៉ូតូ ហើយបានជិះម៉ូតូមកផ្សារកាច់ជ្រុងភូមិព្រែកសំរោងឃើញជនរងគ្រោះទុកទូរសព្ទម៉ាកIphoneនៅក្នុងតូបក៏បានធ្វើសកម្មភាពលួចហើយជិះម៉ូតូចេញត្រូវម្ចាស់ឃើញទាន់បានជិះម៉ូតូដេញតាមចាប់បានយកទូរសព្ទវិញ៕

មតិយោបល់