ព័ត៌មានជាតិ

រថយន្ត​ឡិច​ស៊ី​ស RX300 បើក​បុក​ម៉ូតូ​ហុងដា ឌ្រិ​មធុន​សេ​១២៥ រួច​គេចខ្លួន​បាត់​ស្រមោល​

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ដែល​គេ​ស្គាល​ថា​ម៉ាក​ឡិច​ស៊ី​ស RX300 បាន​បើក​ទៅ​បុក​ម៉ូតូ​មួយគ្រឿង ពីក្រោយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​បាក់​ជើង​ម្ខាង​ហើយ​រថយន្ត​បង្ក​បើក​គេចខ្លួន​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​ផ្លូវ លេខ​១៨២​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក​។

​តាម​សាក្សី​ពី​ស្ត្រី​ម្នាក់​ជា​អ្នកលក់​ផ្លែឈើ​នៅក្បែរ​កន្លែង​កើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គាត់​បាន​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រិ​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Q-9244 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​លុះ​មកដល់ ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300​ពណ៌ ស្ករ​មិនមាន ស្លាក​លេខ បាន​ធ្វើដំណើរ​ស្រប​ទិស​គ្នា​បាន​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ម្នាក់ ដែល​ជា​ម្ចាស់​ម៉ូតូ រងរបួស​បាក់ជើង​ម្ខាង​ធ្ងន់ធ្ងរ​ហើយ​ចំណែក​រថយន្ត​បង្ក​វិញ​បាន​បន្ត​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល ពី​កន្លែង​ភ្លាមៗ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ចំណែក​ម៉ូតូ​ជនរងគ្រោះ​បាន​រង​ការ​ខូច​ខាត់​យ៉ាងដំណំ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅវិញ​៕​
dangerous
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់