ព័ត៌មានជាតិ

លឿនដូចគ្នា! រថយន្ត២គ្រឿងពន្លះគ្នា របួសធ្ងន់២នាក់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ បុកជាមួយហ៊ីយ៉ាន់ដាយ ១២កៅអី បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ខណៈរថហន្តហ៊ីយ៉ាន់ដាយ ១២កៅអី បើកឆ្លងផ្លូវមិនប្រុងប្រយ័ត្ន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅ ថ្ងៃសៅរិ៍ ០៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលម៉ោង១៤និង៣០នាទី នៅចំណុចមុខភូមិត្រពាំងត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ០៤ គីឡូម៉ែត្រ ២០.២១ ។

នគរបាលបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-6456 បើកបរដោយឈ្មោះឡេង រស្មី ភេទប្រុស អាយុ ២០ ជនជាតិខ្មែរ មុខរបរ តៃកុងឡាន ទីលំនៅភូមិទួលគោគ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ ដែលបើកពីទិសខាងលិចទៅទិសខាងកើត (កំពង់សោមទៅភ្នំពេញ)លុះដល់ចំណុចកើតហេតុខាងលើបានបុក
រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ(ប្រភេទទូរីស ១២កៅអី) ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ2L-0128 បើកបរដោយឈ្មោះ អ៊ិន សំអុល ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ តៃកុងឡាន ទីលំនៅភូមិ ត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (រងរបួសធ្ងន់)រួមដំណើរដោយឈ្មោះ ឃន ភេទប្រុសអាយុ៦០ឆ្នាំ ស្នាក់នៅជាមួយគ្នា រងរបួសធ្ងន់ដែលបើកឆ្លងផ្លូវពីទិសខាងត្បូងទៅទិសខាងជើង ។ សេចក្តីសន្ឋិដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ១២កៅអីឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ចំពោះរថយន្ត ហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញ បើកបរក្នុងល្បឿនលឿន បានជាន់ ហ្វ្រាំងអូសចំងាយ៣០ម៉ែត្រ។

ចំពោះអ្នកបើកបរ កម្លាំងជំនាញបានឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ធ្វើការសួរបំភ្លឺ។ ក្រោយ ពេលកើតហេតុជំនាញបានប្រមូលមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់