ព័ត៌មានជាតិ

កុដិ១ខ្នង២ជាន់ ត្រូវអគ្គិភ័យលេបត្របាក់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម

បន្ទាយមានជ័យ: កុដិ១ខ្នង២ជាន់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងដោយពុំដឹងពីមូលហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីទាបភ្លឺ ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅភូមិវត្តស្រះចែង ស្ថិតក្នុងភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុដិដែលត្រូវបានអគ្គិភ័យលេបត្របាក់ឆេះអស់ទាំងស្រុងនេះ គឺធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ២៨ម៉ែត្រគុណ ៩ម៉ែត្រ កម្ពស់២ជាន់ ពុំមានព្រះគង់នៅ ទេ។ រាល់ថ្ងៃមានមនុស្សប្រុសឆ្កួតម្នាក់មកស្នាក់នៅ ។តែពេលដែលឆេះនោះ គឺពុំមានវត្ថមានមនុស្សឆ្កួតនោះនៅទេ ហើយការបណ្តាលឲ្យឆេះនេះនៅពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ដែរ កំពុងធ្វើការស្រាវជ្រាវ។ចំពោះសម្ភារ:ដែលខូចខាតនោះមាន សរសរចំនួន៤០ដើម,ឈើក្របចំនួន២០ម៉ែត្រគីប,ក្តារចំនួន១៥ម៉ែត្រគីបនិងស័ង្កីចំនួន១.៨៩០សន្លឹក ។

លោកវរសេនីយ៍ទោជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានសម្តែងនូវការសោកស្តាយថា ដោយសារតែការផ្តល់ព័ត៌មានយូរពេក ទើបបណ្តាលឲ្យកុដិមួយខ្នងនេះមិនអាចជួយសង្គ្រោះបាន ទំរាំរថយន្តពន្លត់ទៅដល់ភ្លើងបានគ្រប់គ្រងកុដិនោះទាំងស្រុង ហើយត្រូវទំរាំតែពន្លត់ឲ្យរលត់ទាំងស្រុង គឺត្រូវប្រើប្រាស់ទឹកអស់ចំនួនបីរថយន្ត៕

មតិយោបល់