ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចូល​រួម​អប​អរ​សា​ទរ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​យក​ឈ្នះ​កោះ​ហ្គាំ និង​ឧបត្ថម្ភ​ថវិ​កា​ចំនួន ១០ម៉ឺន​ដុល្លារ

CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023 ហើយ បន្ទាប់ពីយកឈ្នះកោះហ្គាំ ដោយលទ្ធផល ២-១ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ។ កាលជើងទី១ កម្ពុជាបានយកឈ្នះក្រុមដែនកោះរបស់សហរដ្ឋអាមេរិកនេះ ១-០។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិការនេះសូមទទួលពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សម្តេចតេជោក៏បានកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ៕

 

មតិយោបល់