ព័ត៌មានជាតិ

រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន ណាហ្កាវើល បុកម៉ូតូអ្នកស្រវឹង បណ្តាលឲ្យរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងទៀតដែលជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន ណាហ្កាវើល បើកមកបុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២កណ្តាលអធ្រាត្រ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងបើកបរម៉ូតូមួយគ្រឿងម៉ាក ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-4035 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវទៅផ្លូវ២០០៤ ដោយខ្វះការប្រុងប្រយ័ត្ន ខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តក្រុង២៥កៅអីរបស់ក្រុមហ៊ុន ណាហ្កាវើល ពាក់ស្លាកលេខ ភ្នំពេញ 3B-0354 ដែលបើកបរដោយបុរស២នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅបញ្ច្រាសទិសគ្នា រួចក៏ជ្រុលទៅបុកម៉ូតូខាងលើចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនរស្មី។ រីឯម៉ូតូរងការខូចខាតដាក់បូមខាងក្រោយចំហៀងខាងស្តាំ។ ចំណែកឯរថយន្តរងការខូចខាតកំពឹតផ្នែកខាងមុខចំហៀងខាងស្តាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តរួមទាំងអ្នកបើកបររថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕

មតិយោបល់