បន្ទាយមានជ័យៈ ឃាតករដែលសម្លាប់ប្អូនថ្លៃប្រុសខ្លួនឯង រួមសពទម្លាក់ចោលក្រោមស្ពាន ហើយរត់គេច ត្រូវបានលោក សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅសមុទ្ទបាកានប្រទេសថៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦នៅ វេលាម៉ោង១៨និង៣០នាទីឃាតករឈ្មោះ ប៊ី ឡុង អាយុប្រមាណជាង៣០ឆ្នាំបានសម្លាប់ប្អូនថ្លៃប្រុសខ្លួនឯង ដោយកាប់និងដាងសាំម៉ូរ៉ៃពីក្រោយចំកញ្ចឹងក ហើយយកសពទៅទម្លាក់ចោលក្រោមស្ពានទឹកថ្លា ផ្នែកខាងកើត ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់សមត្ថកិច្ចនគរបាលបានកំណត់មុខសញ្ញា ហើយឈានដល់ធ្វើការឃាត់ខ្លួនឃាតកររូបនេះ ម្ដងរួចមកហើយ តែត្រូវបានជនដៃដល់ដោះខ្នោះជើងរត់គេចខ្លួនចេញពីស្នងការខេត្តរហូតចូលទៅធ្វើជាកម្មករនៅប្រទេសថៃ។
ជនដៃដល់ជាឃាតករអាចនឹងបញ្ជូនមកដល់ខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃនេះ៕
មតិយោបល់