ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ករណីរំលោភលើទំនុកចិត្ត ក្រុមហ៊ុនលាយស៊ីម៉ង់ត៍GL

ភ្នំពេញៈ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤ និង១០នាទីរសៀល ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត (យក ល្បាយស៊ីម៉ង់តិ៍មិនប្រគល់ប្រាក់) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០ នៅចំណុចក្រុមហ៊ុនលាយស៊ីម៉ង់(GL) ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស្រេង ភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលលេខបេ៩ ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ជនរងគ្រោះជាតំណាងក្រុមហ៊ុនឈ្មោះ នឹង ជីង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលាយស៊ីម៉ង់ត៍ (GL) ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈបាត់បង់ លុយដុល្លារចំនួន ៩១៥១ដុល្លារ។
សម្ភារៈបន្សល់ទុក ៖ ឯកសារកិច្ចសន្យាជំពាក់លុយមួយចំនួន ។

តាមប្រភពព័ត៌មាន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០ ជនសង្ស័យបានធ្វើការទំនាក់ទំនង ជាមួយជនរងគ្រោះ យកល្បាយស៊ីម៉ង់ត៍ ទៅកសាងសំណង់ ដែលជនសង្ស័យទទួលសាងសង់ ហើយជំពាក់លុយថ្លៃស៊ីម៉ង់តិ៍ចំនួន៩១៥១ដុល្លារ និងបានធ្វើកិច្ចសន្យាជាមួយជនរងគ្រោះតំណាងក្រុមហ៊ុន ដើម្បីសងប្រាក់ដែលនៅសល់ រួចជនសង្ស័យបានគេចខ្លួនបាត់មិនចូលខ្លួនមកសងប្រាក់តាមកិច្ចសន្យា ។ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ខាងក្រុមហ៊ុនលាយបេតុង (GL) បានឃើញជនសង្ស័យ ឈរនៅមុខបន្ទប់ជួលរបស់ខ្លួន ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាងធ្វើការសាកសួរតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់