សៀមរាបៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញនៅលើដីដាំដំឡូងរបស់គាត់ជាប្រភេទB40 ចំនួន២០គ្រាប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្វាវ ចុះទៅប្រមូលយកមករក្សាទុក រងចាំធ្វើការប្រគល់ជូនកម្លាំងការិយាល័យនគរបាលអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នោះជូនដល់កម្លាំងការិយាល័យនគរបាលអាវុធជាតិផ្ទុះ យកមករក្សាទុកនៅកន្លែងមានសុវត្ថិភាព រងចាំប្រគល់បន្តជូនទៅអង្គការពាក់ព័ន្ធ ដើម្បីយកទៅកំទេចចោល។
ក្នុងនាមកងកម្លាំងនគរបាលខេត្តសៀមរាប សូមធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសមាតាបិតា ត្រូវធ្វើការពន្យល់ណែនាំដល់កូនចៅរបស់ខ្លួន នៅពេលឃើញគ្រាប់យុទ្ធភ័ណ្ឌគ្រប់ប្រភេទមិនត្រូវយកមកដំលេងនោះទេ ពីព្រោះវាអាចបណ្ដាលឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូន ឬកូនចៅ ហើយត្រូវធ្វើការរាយការណ៍ជូនដល់អាជ្ញាធរដែនដី ដើម្បីចុះត្រួតពិនិត្យ និងយកមករក្សាទុកកន្លែងមានសុវត្ថិភាព៕
មតិយោបល់