ភ្នំពេញៈ ក្នុងចំណោមតារាដែលសម្ដែងជាអង្គភេទទី៣ បានសមទាំងអស់ គេចាប់អារម្មណ៍ថា លោក ឃីម រតនៈ ដែលអ្នកសិល្បៈខ្លះហៅឈ្មោះ ខាងក្រៅថា កូនជ្រូក និងខ្លះហៅ ចន្នី ឃីម គឺជាតួអង្គបងធំតែម្នាក់គត់ ដែលបានប្ដូររបត់មកសម្ដែងជាតារាភេទទី៣ ហើយទទួលបានជោគជ័យយ៉ាងកម្រ។ លោក ត្រូវគេឃើញចាក់សាក់ធំៗលើសាច់ដុំដងខ្លួន និងដៃជើងមិនខុសពីក្រុមកាប់ដាវនោះទេ ប៉ុន្តែក្រោយពេលងាក១០០អង្សារ មកសម្ដែងជាតួម្ញិកម្ញ៉ក់ បែរជាត្រូវផលិតករកោតសរសើរដូចគ្នា។
ក្នុងបទសម្ភាសន៍ជាមួយ Post News លោក ឃីម រតនៈ បានអះអាងថា ក្នុងការប្រឡូកសិល្បៈដំបូងៗរបស់លោក គឺលោកត្រូវគេឲ្យសម្ដែងតែជាតួបងធំ និងតួអង្គចិត្តអាក្រក់ប៉ុណ្ណោះ ដោយសារតែលោកចូលចិត្តធ្វើខ្លួនជារបៀបបងធំ និងចាក់សាក់រហូតដល់៥កន្លែងធំៗ នៅលើដៃខាងស្ដាំ លើស្មារ ក្រោមកញ្ចឹងករ និងលើជើង។ ប៉ុន្តែមកពីលោកចង់ប្ដូរទម្រង់សម្ដែង ទើបសម្រេចចិត្តទទួលសម្ដែងជាតួភេទទី៣ តាមការស្នើសុំរបស់ផលិតករ ហើយត្រូវជាប់សូរ ដោយសារតែខាងផលិតករពេញចិត្ត។
លោកនិយាយថា «ក្នុងពេលគាត់ហៅសម្ដែងដំបូងៗ ខ្ញុំសម្ដែងជារបៀបប្រឹង ប៉ុន្តែដោយសារតែឃើញគំរូបងៗយើង ទើបសម្ដែងបានល្អ ហើយខ្ញុំអត់ខ្លាចខូចឈ្មោះ ព្រោះតែវិលមកសម្ដែងជាខ្ទើយអីទេ សំខាន់ឲ្យតែមានគេគាំទ្រចឹង ថាស្អីក៏សម្ដែងដែរ!»។ លោកថា លោកត្រូវបានផលិតករក្នុងរឿង «ទេពធីតា ម៉ានីកាំង» ពេញចិត្ត បន្ទាប់ជ្រើសឲ្យសម្ដែងភេទទី៣ ដែលតាមរយៈរឿងនេះ ក៏មានផលិតករផ្សេងទៀត ដែលបានឃើញការសម្ដែងដោយផ្ទាល់ បន្តទាក់ទងឲ្យសម្ដែងជាតួអង្គនេះបន្ថែមទៀត។
លោក ឃីម រតនៈ បន្តថា លោកសប្បាយចិត្តដោយសារតែក្រៅពីបានឡើងសន្ទុះក្នុងតំណែងជាអង្គភេទទី៣ ក៏មានខ្សែរឿង និងឈុតបទចម្រៀងមិនតិចដូចគ្នា ហៅឲ្យសម្ដែងជាតួបងធំជាធម្មតា។ លោកនិយាយថា «ធម្មតាតួភេទទី៣ និងតួបងធំ គឺចរឹកខុសគ្នាដាច់តែម្ដង តែខ្ញុំសប្បាយចិត្តដែរ ដែលខាងផលិតករគាត់ថា ខ្ញុំសម្ដែងជាតួទាំងពីរ បានស៊ីដូចគ្នា អ៊ីចឹងហើយ ទើបខ្ញុំគិតថា នឹងប្រឹងសម្ដែងជាតួទាំងពីរនឹងឲ្យបានខ្លាំង និយាយរួមអ្នកចង់ហៅធ្វើតួបងធំបងធំ អ្នកចង់ហៅធ្វើតួខ្ទើយ ក៏សម្ដែង គឺចង់ឲ្យទម្រង់ទាំងពីរនឹងល្បីខ្លាំងហ្មងៗ»។
គួរបញ្ជាក់ថា លោក ឃីម រតនៈ ហៅចន្នី ឃីម មានវ័យ២៨ឆ្នាំ ជាអ្នកខេត្តកំពង់ឆ្នាំង និងជាកូនទី៤ ក្នុងចំណោមបងប្អូនបង្កើត៦នាក់។ លោកត្រូវបានគេស្គាល់តាមរយៈការសម្ដែងក្នុងបទចម្រៀង «មនុស្សដូចអូន ប៉ុន្មានឆ្នាំទៀតស្លាប់អស់» បទ «កំពូលស្នេហ៍អើយ អូនយំរឿងអ្វី» និងការសម្ដែងជាតួអង្គបងធំរបៀបកាចៗជាច្រើនក្នុងរឿង និងក្នុងបទចម្រៀងផ្ទុះៗ។ ប៉ុន្តែ កេរ្តិ៍ឈ្មោះរបស់លោក ត្រូវគេកត់សម្គាល់ជាងមុន បន្ទាប់ពីលោកស្រាប់តែប្ដូរមកសម្ដែងជាតួម្ញិកម្ញ៉ក់ ហើយត្រូវបានតួសម្ដែង និងផលិតករ ព្រលយថា លែងចង់ខ្លាំងជាងតួអង្គភេទទី៣ ល្បីឈ្មោះទាំងពួង។ លោកហាក់រំពឹងខ្លាំងជាមួយនឹងឱកាសសម្ដែងជាតួភេទទី៣ ក្នុងរឿង «ទេពធីតា ម៉ានីកាំង» រឿង«កំពូលល្បិចខូច» របស់CTN និងរឿង «ម្ទេសហិរ ប៉ះអំបិលប្រៃ» របស់ PNN ដែលនឹងចេញផ្សាយក្នុងពេលឆាប់ៗ ដោយសារតែអ្នកធ្លាប់ឃើញលោកបញ្ចេញទឹកមុខកាចៗក្នុងរឿងនឹងប្ដូរមកសើចទប់សំណើចមិនបានទៅវិញ៕
មតិយោបល់