ព័ត៌មានជាតិ

ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី អន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ ៦នាក់

ភ្នំពេញៈ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនានេះ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ ចំនួន៦នាក់ ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

ក្រសួងការបរទេស បានឲ្យដឹងថា ពលករ-ពលការិនីខ្មែរ ទាំង៦នាក់ រួមមាន ទី១-ឈ្មោះ សុត ជូឡាង អាយុ៣៥ឆ្នាំ នៅស្រុកជ័យសែន ខេត្តព្រះវិហារ បានទៅធ្វើការនៅម៉ាឡេស៊ី ខាងផ្នែកបោសសម្អាត តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន H D នៅកម្ពុជា។ ស្ថានទូតបានឲ្យថៅកែរបស់ពលការិនីរូបនេះ បើកប្រាក់ខែដែលនៅសល់តាមសំណូមពររបស់សាមីខ្លួន។ ស្ថានទូតបានបង់ប្រាក់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និងទិញសំបុត្រយន្តហោះឲ្យពលការិនីរូបនេះ។ ទី២-ឈ្មោះ អេន ឱន អាយុ២៦ឆ្នាំ និង់ទី៣-ឈ្មោះ យុន ពុទ្ធី អាយុ១៨ឆ្នាំ ពលករទាំងពីរ នៅភូមិស្រុកក្រគរ ខេត្តពោធិ៍សាត់ បានទៅធ្វើការនៅកសិដ្ឋានចិញ្ចឹមគោ នៅប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ តាមរយៈមេខ្យល់។ ទី៤-ឈ្មោះ ឡុញ សុភាព អាយុ៣៣ឆ្នាំ នៅស្រុកល្វាឯម ខេត្តកណ្ដាល បានទៅម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុន Philimore នៅកម្ពុជា។ ទី៥-ឈ្មោះ ម៉ើ ស្រៀង អាយុ២៥ឆ្នាំ នៅស្រុកមុខកំពូល ខេត្តកណ្ដាល បានទៅម៉ាឡេស៊ី ធ្វើការខាងផ្នែកបោសសម្អាត តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។

ចំណែកពលការិនីទី៦ ត្រូវបានក្រសួងការបរទេស អះអាងថា ឈ្មោះ សុះ សាលីស អាយុ២៥ឆ្នាំ នៅស្រុកកំពង់ឡាច ខេត្តកំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ធ្វើការជាអ្នកបកប្រែភាសាម៉ាឡេស៊ី តាមរយៈក្រុមហ៊ុន Main Power 168។ ស្ថានទូត បានទំនាក់ទំនងទៅថៅកែរបស់ពលការិនី សុះ សាលីស ដើម្បីដោះស្រាយប្រាក់ខែដែលនៅសេសសល់ តាមសំណើរបស់សាមីខ្លួន ប៉ុន្តែថៅកែរូបនោះបានគេចវេសរហូតមិនព្រមដោះស្រាយ។ ស្ថានទូតបានសម្រេចប្ដឹងតុលាការ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ ប៉ុន្តែនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ជីដូនរបស់ពលការិនីរូបនេះបានស្លាប់ ដូចនេះពលការិនី សុះ សាលីស ចង់ត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់ ដោយសម្រេចមិនឡើងតុលាការទេ។ ដោយក្តីអាណិតអាសូរ សា្ថនទូតបានទិញសំបុត្រយន្តហោះ និងបង់ពិន័យជូនការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីឲ្យនាង។

សេចក្ដីជូនដំណឹងក៏បានឲ្យដឹងទៀតថា ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅ និងការហូបចុកដល់ពលករ-ពលការិនីទាំង៦នាក់។ ដោយឡែក ពលការិនី សុះ សាលីស បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។ រីឯពលករ-ពលការិនី៥នាក់ផ្សេងទៀត បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦កន្លងមកនេះ៕

មតិយោបល់