សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាវេលាម៉ោង ១៤នឹង០០នាទីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានចុះទៅចំណុចសណ្ឋាគារ ឃូលលែន រេស៊ីដេន &ស្ប៉ា ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប នាំខ្លួនជនបរទេសម្នាក់មកសាកសួរ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត។
ជនបរទេសរូបនេះឈ្មោះ WU SIHAN ភេទប្រុស កើតថ្ងៃទី២៨-០៩-១៩៨៩ ជនជាតិចិន គ្មានមុខរបរ។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការងារអន្តោប្រវេសន៍ បានអោយដឹងថា កាលពីវេលាម៉ោង១១នឹង០០នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យបានជួលម៉ូតូ០១គ្រឿង ម៉ាកHONDA CLICK ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប ១V-០៧៥២ ក្នុងតម្លៃ៩$ក្នុងមួយថ្ងៃ។ បន្ទាប់ពីជួលហើយជនសង្ស័យក៏បានយកម៉ូតូនេះជិះគេចខ្លួនបាត់ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក៏ត្រូវបានសមត្ថកិច្ច នាំខ្លួនមកសាកសួរក្នុងពេលដែលជននេះទៅស្នាក់នៅសណ្ឋាគារ ឃូលលែន ហើយមិនបង់ប្រាក់។ ជនរងគ្រោះឈ្មោះ ចំរើន បូណាមី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។
បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់