ព័ត៌មានជាតិ

កាំភ្លើង និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានពលរដ្ឋភ្ជួរដីប្រទះឃើញ

បន្ទាយមានជ័យៈ រយៈពេល២ថ្ងៃ នាថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០១៦ ប្រជាកសិករ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ភ្ជួរដីប្រទះឃើញកាំភ្លើង AK បេ និងគ្រាប់ AK មួយកេស បានប្រគល់ឲ្យនគរបាលការពារព្រំដែនគោក រក្សាទុក និងលោកស្នងការបានប្រគល់អំណោយលើកទឹកចិត្ត។

លោក ប្រាក់ សាំ មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៩០៧ បានឲ្យដឹងថា ជាបន្តបន្ទាប់ ប្រជាកសិករដែលបានធ្វើការភ្ជួររាស់ដីធ្វើស្រែចម្ការបានប្រទះឃើញអាវុធ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាប់គ្នាក្នុងរយៈ២ថ្ងៃ ដោយនៅថ្ងៃទី១១ ប្រជាពលរដ្ឋនៅភូមិប្រាសាទត្បែង ដែលបានភ្ជួរដីដាំដំឡូង នៅចំណុចក្បែរប៉ុស្តិ៍ព្រំដែនប្រាសាទត្បែង បានប្រទះឃើញកាំភ្លើងAK ស្វាយបត់ចំនួន៥ដើម និងបេចំនួន២ដើម។ ដោយឡែក នៅថ្ងៃទី១២ ប្រជាពលរដ្ឋឈ្មោះ ឃិន ស្រីប៉ុន ភេទស្រី អាយុ៣៥ឆ្នាំ ខណៈពេលដែលភ្ជួរដីដាំដំឡូងនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ជាប់នឹងព្រំប្រទល់ខេត្តបន្ទាយមានជ័យ បានប្រទះឃើញគ្រាប់ AK47 មួយកេស ស្មើនឹងចំនួន៥៥០គ្រាប់។

លោកបន្តថា អាវុធ និងគ្រាប់ទាំងអស់ខាងលើ ត្រូវបានប្រជាកសិករបានរាយការណ៍ និងប្រគល់ជូនមកសមត្ថកិច្ចរបស់លោក ដែលសរបញ្ជាក់ឲ្យឃើញថា ពួកគាត់បានយល់ច្បាស់ពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងតាមរយៈការផ្សព្វផ្សាយរបស់លោកឧត្តមសេនីយ៍ទោស្នងការ ប្រសិនជាបានឃើញអាវុធ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជូនសមត្ថកិច្ច។

ជាមួយនឹងការតបស្នងដល់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានផ្តល់អង្ករ៥០គីឡូ មី៧កេស និងថវិកាមួយចំនួនដល់ពលរដ្ឋដែលប្រទះឃើញទាំង២ខាងលើ។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែមិថុនានេះ ពលរដ្ឋស្រុកថ្មពួក ដែលបានរានដីធ្វើចម្ការនៅចំណុចភ្នំចង្ក្រានយក្ស ក៏បានប្រទះឃើញគ្រាប់បេ និងមីនតោនជាច្រើនគ្រាប់ ត្រូវបានស៊ីម៉ាក់ទៅទទួលយក។ តាមការឲ្យដឹងពីសមត្ថកិច្ចមូលហេតុស្រុកថ្មពួក តែងប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសារតែតំបន់នេះ ជាសមរភូមិប្រយុទ្ធនាសម័យសង្គ្រាម ទើបធ្វើឲ្យមានគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌផ្ទុះជាច្រើនរាយប៉ាយស្ទើរគ្រប់ទីកន្លែង បង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស និងសត្វ៕

មតិយោបល់