ព័ត៌មានអន្តរជាតិ

១១៣ នាក់ស្លាប់ ដោយសារគ្រោះមហន្តរាយធម្មជាតិ នៅប្រទេសចិនក្នុងខែឧសភា

ចិនៈ បើតាមតួលេខផ្លូវការ បានបង្ហាញឲ្យដឹងថា មនុស្សចំនួន ១១៣នាក់ បានស្លាប់ និងបាត់ខ្លួន ព្រមទាំងជាច្រើនលាននាក់ទៀត ទទួលរងផលប៉ះពាល់ ដល់ការរស់នៅ បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ នៅទូទាំងប្រទេសចិន ក្នុងខែឧសភា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៦។

ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងកិច្ចការស៊ីវិល បាននិយាយនៅថ្ងៃចន្ទនេះថា គ្រោះមហន្តរាយធម្មជាតិនោះ រួមមានទាំងទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត រញ្ជួយដី អាកាសធាតុត្រជាក់ ធ្លាក់ព្រិល និងភ្លើងឆេះព្រៃផងដែរ។

គ្រោះមហន្តរាយធម្មជាតិនេះ ត្រូវបានប៉ាន់ប្រមាណជាទឹកប្រាក់ ខាតបង់ផ្នែក សេដ្ឋកិច្ចប្រហែលជា ១៧ ពាន់លានយន់ ត្រូវនឹង ២,៦ ពាន់លានដុល្លារ អាមេរិក។ អ្នកស្រុកប្រហែល ២៧១.០០០នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅ និង ១៣៣.០០០ នាក់ទៀត ត្រូវការជំនួយសង្គ្រោះបន្ទាន់ ។

ក្នុងនោះផ្ទះចំនួន ២២១.០០០ ខ្នងរងការខូចខាត និង ១៥.០០០ ខ្នងទៀត ត្រូវបានបំផ្លាញ ព្រមទាំងផ្ទៃដីដាំដំណាំចំនួន ១,៦៧ លានហិចតា ទទួលរងផលប៉ះពាល់ ដោយសារគ្រោះមហន្តរាយធម្មជាតិ៕

មតិយោបល់