ព័ត៌មានជាតិ

ជិះលឿនពេក ប៉ះម៉ូតូ១ទៀត ដួលបោកក្បាលនឹងជញ្ជាំង ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ!

ភ្នំពេញ: បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនពេក ប៉ះជាមួយម៉ូតូ១គ្រឿងទៀត ហើយបានដួលបោកក្បាលទៅផ្ទប់នឹងជញ្ជាំងបែកក្បាល កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្រោយតេលាម៉ាត ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានសម្ថកិច្ចឆែកឆេនៅក្នុងកាបូបលុយឃើញមានឈ្មោះអាន យ៉ាលិន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧៩ ភូមិសន្សំកុសល់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកឌូក ពណខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV 3434 ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែប៉ះគ្នាជាមួយម៉ូតូ១គ្រឿង ហើយបានដួលបោកក្បាលផ្ទប់នឹងជញ្ជាំងថ្មរងរបួសបែកក្បាលធ្ងន់ធ្ងរ។ ចំណែកម៉ូតូម្ខាងទៀតរងរបួសស្រាលហើយក៏លើកម៉ូតូជិះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនយកឯកសារមកទទួលយកទៅវិញ៕

មតិយោបល់