ព័ត៌មានជាតិ

សពតារាសម្ដែង ប៊ុន ថេត បូជាល្ងាចនេះ នៅខេត្តព្រៃវែង

ភ្នំពេញៈ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ បណ្ដាលឲ្យតារាសម្ដែង លោក ប៊ុន ថេត ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យនោះ សាកសពនៅល្ងាចថ្ងៃទី១៣ ខែមិថុនានេះ នឹងត្រូវបូជានៅខេត្តព្រៃវែង។ នេះបើតាមការបញ្ជាក់ពីមិត្តរួមអាជីព។

បើតាមតារាសម្ដែង ភូ ចន្ទតារា បានប្រាប់ Post News នៅរសៀលថ្ងៃនេះថា លោក ប៊ុន ថេត បានជួបគ្រោះថ្នាក់ចរាចរណ៍នៅកោះពេជ្រ កាលពីយប់មិញ ហើយសាកសពរបស់លោក ត្រូវបានបញ្ជូនទៅកាន់ស្រុកពាមរក៌ ខេត្តព្រៃវែង ដើម្បីធ្វើការបូជាតាមប្រពៃណី នាល្ងាចថ្ងៃទី១៣ ខែមិថុនានេះ។

គួរជម្រាបថា តារាសម្តែង និងម៉ូដែលម្នាក់ ទើបតែរះក្នុងវិថីសិល្បៈឈ្មោះ ប៊ុន ថេត បានបាត់បង់ជីវិតក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅកោះពេជ្រ។

លោក អ៊ឹម ជីវ៉ា បានឲ្យដឹងថា លោក ប៊ុន ថេត ជាតារាដែលទើបតែរះ ហើយក៏បានថតរឿងដែលកំពុងដាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ។ តារាសម្តែងរូបនេះ ត្រូវបានក្រុមគ្រួសារយកបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែតែដោយរបួសត្រង់ក្បាលធ្ងន់ធ្ងរពេក ទើបបណ្ដាលឲ្យតារាសម្តែងម្នាក់នេះ បាត់បង់ជីវិតទាំងវ័យក្មេង គួរឲ្យអាសូរ និងសោកស្តាយបំផុត។

ទន្ទឹមនេះ លោក អ៊ឹម ជីវ៉ា ក៏បានអំពាវនាវឲ្យតារាទាំងអស់ ដែលនិយមដើរកម្សាន្តនៅពេលរាត្រី មេត្តាប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការបើកបរ ហើយការបើកបរនោះទៀតសោត ត្រូវតែគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវផងដែរ៕

មតិយោបល់