ស្វាយរៀងៈ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៥០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌនិងលោកវរៈសេនីយ៍ទោ កែវ សុថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកអធិការស្រុករមាសហែក លោកនាយប៉ុស្តិនគរបាលរដ្ឋបាលឃុំសំបួរ ឃុំក្រសាំង និងលោកមេភូមិព្រិច បានសហការស្រាវជ្រាវចុះគាស់យកអាវុធ០១ដើម របស់មុខសញ្ញាឈ្មោះ អោ រត្ន័ ដែលសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនតាមដីកាបង្គាប់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ទាក់ទិននឹងករណីប្លន់។
ដោយបានប្រព្រឹត្តិកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១០ នៅចំណុចភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបានយកអាវុធមកកប់លាក់ទុក នៅចំណុចភូមិចាស់ ក្នុងផ្ទះរបស់ឈ្មោះ ចាន់ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
វត្ថុតាងចាប់បានរួមមាន អាវុធ១ដើម ប្រភេទ AKកាត់ស្វាយ ផលិតនៅប្រទេសចិន លេខ18003943 បង់១ មានចំនួន០៨គ្រាប់។ បច្ចុប្បន្នអាវុធ ត្រូវបានប្រគល់ឲ្យការិយាល័យបច្ចេកទេស និង វិទ្យាសាស្ត្ររក្សាទុក ដើម្បីធ្វើបែបបទបញ្ជូនទៅធ្វើកោសល្យវិច័យ នៅនាយកដ្ឋានបច្ចេកទេសក្រសួងមហាផ្ទៃ៕
មតិយោបល់