កណ្តាលៈ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតគេចខ្លួន ដែលពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ខុសច្បាប់ នូវសារធាតុញៀនប្រភេទម៉ាទឹកកក។
ប្រតិបត្តិការនេះប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល ស្ថិតក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យទី១ឈ្មោះ ប៉ែន វណ្ណៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(ឃាត់ខ្លួន) មានទីលំនៅបច្ចុប្បន្ននៅ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ និងទី២ឈ្មោះ ឡេង សេងទ្រី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ(គេចខ្លួន) មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិ ព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ចំណែកវត្ថុតាងដែលចាប់យកបាន រួមមាន ម្សៅក្រាមពណ៌ស សង្ស័យថាជាសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន៩កញ្ចប់តូច ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដា គុបមូល សេ៥០ពណ៌បៃតងចាស់ គ្មានស្លាកលេខ។
មុនពេលកើតហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុដដែល ប្រជាពលរដ្ឋបានប្រាប់ថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលស្វាយប្រទាល បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ឡេង សេងទ្រី និងឈ្មោះ ប៉ែន វណ្ណៈ កំពុងជិះម៉ូតឌុបគ្នា រំពេចនោះឈ្មោះ ឡេង សេងទ្រី បានឃើញសមត្ថកិច្ចនគរបាល ក៏បោះចោលម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ប្រភេទម៉ាទឹកកកទៅលើដី រួចរត់គេចខ្លួនបាត់ ទើបសមត្ថកិច្ចនឃាត់ខ្លួនឈ្មោះ ប៉ែន វណ្ណៈ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ប៉ែន វណ្ណៈ បានអះអាងថា គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន៩កញ្ចប់តូច មិនមែនជារបស់ខ្លួននោះទេ ជារបស់ឈ្មោះ ឡេង សេងទ្រី ហើយខ្លួនដឹងថាឈ្មោះ ឡេង សេងទ្រី យកមកជួញដូរ។ ទន្ទឹមនឹងនោះឈ្មោះ ប៉ែន វណ្ណៈ បានសារភាពទៀតថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀន ប្រភេទម៉ាទឹកកកជាមួយឈ្មោះ ឡេង សេងទ្រី ជាច្រើនលើកច្រើនសារពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់