ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូមិនប្រយ័ត្នដួលបោកក្បាលស្លាប់

ពោធិ៍សាត់: យោងតាមការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គមថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុនឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ ខណ:ពេលក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចិនស៊ីខេត្តបាត់ដំបង ដោយករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលខ្លួនឯងបោកក្បាលរងរបួសធ្ងន់ ។

តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាន់ រិន (ហៅផាត់) ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (ជានិវត្តន៍) បានស្លាប់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍ មួយ បង្កដោយខ្លួនឯងជិះកាលពីថ្ងៃទី៣មីនា ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូតាមផ្លូវក្រាលកៅស៊ូ លុះមកដល់ចំណុចទួលកោះ ស្ថិតក្នុងភូមិរហាទិល ឃុំតាលោ ស្រុកតាលោសសែនជ័យ បានដួលបណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ធ្ងរ ក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យឯកជនមួយ នៅខេត្តបាត់ដំបង ដោយជនរងគ្រោះ មានរបួសធ្ងន់ធ្ងរពេក រហូតដល់ម៉ោង ១៤ និង០០ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះ បានស្លាប់បាត់ជីវិតតែម្តង ក្រុមគ្រួសារក៏បានដឹកសាកសព​មកធ្វើបុណ្យតាមប្រពៃណី នៅលំឋានរបស់ខ្លួនវិញ៕

មតិយោបល់