ភ្នំពេញៈ បុរសចំណាស់ម្នាក់បានស្ថិតនៅក្នុងស្ថានភាពស្រវឹងជោកជាំនិងបានបណ្ដើរកង់ដើរតាមផ្លូវ ហើយដោយសារតែអាកាសធាតុក្ដៅពេក គាត់បានឈប់កង់រួចបានដើរចុះទៅងូតទឹកក្នុងស្ទឹងព្រែកត្នោត ពេលនោះស្រាប់តែរអិលជើងដួលបោកផ្ទប់ទៅនឹងមែកឈើងាប់ បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្ដង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅមាត់ស្ទឹងព្រែកត្នោត នៅក្នុងភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើនោះឈ្មោះ ប៊ុន ចន អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ និងស្នាក់នៅផ្ទះជួលនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើដើរអូសកង់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើគាត់បានទុកកង់រួចបានដើរចុះទៅក្នុងដងស្ទឹងព្រែកត្នោតដើម្បីងូតទឹក។ ព្រោះពេលនោះអាកាសធាតុក្ដៅខ្លាំងពេក ហើយស្រាប់តែរអិលជើងបណ្ដាលឲ្យដួលបោកទៅលើមែកឈើងាប់នៅមាត់ស្ទឹង បែកក្បាលស្លាប់ភ្លាមៗតែម្ដង។
ប្រភពដដែលបានបន្តទៀតថា នៅក្នុងខណៈនោះត្រូវបានក្មេងៗដែលដើររកបាញ់សត្វ ប្រទះឃើញក៏បាននាំគ្នារត់ទៅប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិពោធិ៍រលំ បង្កការភ្ញាក់ផ្អើលទាំងថ្ងៃ។ បន្ទាប់មកអ្នកភូមិក៏បានរាយការណ៍បន្តទៅនគរបាលខណ្ឌដង្កោចុះទៅពិនិត្យមើលនិងហៅនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើកោសល្យវិច័យ៕
https://youtu.be/ucqIL-m6eWU
មតិយោបល់