ព័ត៌មានជាតិ

ម៉ូតូបើកឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តហ៊ីយ៉ាន់ដាយបុកបណ្តាលឲ្យបុរសម្នាក់ស្លាប់

តាកែវៈ នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី ស្ថិតនៅលើផ្លូវលេខ២២ ចន្លោះគីឡូម៉ែត្រលេខ ៥-៦ ក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-9251 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូមួយគ្រឿងចំពីចំហៀង ខាងស្តាំពេញមួយទំហឹងតែម្តង ដែលម៉ូតូនោះ ម៉ាកហុងដា គុបជ្រុង C50 ពណ៌ទឹកប៊ិច ពាក់ផ្លាក លេខ ភ្នំពេញ 1AV-1253 បើកបរដោយឈ្មោះ ច្រន ជេស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងគូ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) គ្មានពាក់មួកសុវត្ថិភាព ដែលបើកបរឆ្លងផ្លូវពីទិសខាងជើងទៅត្បូង ។ សពត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ មូលហេតុបណ្តាលមកពីការ បើកបរមិនគោរពសិទ្ធិអាទិភាព ដោយម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ កម្លាំងជំនាញកំពុងកសាង សំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្ត និងម៉ូតូខាងលើត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកត្រាំកក់ ៕

មតិយោបល់