ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយត្ន័ ទៅបុករថយន្តដួលកិនស្លាប់មួយរំពេច!

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូមួយគ្រឿង បានបើកទៅបុកជាមួយរថយន្តហ្វុយហ្សូ បណ្តាលឲ្យដួលកិនបុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1H-8215 បើកបរលើផ្លូវលេខ៤៤ក្នុងទិសដៅពីកើតទៅលិចតែម្នាក់ឯងដោយឈ្មោះ ថេង ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លុះដល់ចំណុចកើតហេតុខាងលើ បានបើកជ្រុលចង្កូតទៅចូលរថយន្តដឹកអំពៅម៉ាកហ្វុយហ្សូ ពណ៌ស ពាក់ស្លាកលេខ ក-៦៥៩៦ ភ.ព៣ ដែលបើកបញ្រ្ចាស់ទិសគ្នាចំពីមុខចំហៀងខាងស្តាំ បណ្តាលឲ្យបុកដួលកិនបុរសអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើករថយន្តបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍ត្រពាំងជោ រង់ចាំបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក និងកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់បន្តទៀត និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់