ព័ត៌មានជាតិ

លឿនដូចគ្នា ១ក្រឡាប់ ១ធ្លាក់ប្រឡាយ លូនចេញមកចាប់ដៃគ្នាបញ្ចប់រឿង!

ភ្នំពេញ: ហេតុការណ៍មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីយប់ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ដោយមានរថយន្តចំនួន២គ្រឿង ដូចណាត់គ្នាសាកកម្លាំង មួយគ្រឿងក្រឡាប់ចូលប្រឡាយត្រាំទឹកស្អុយ និងមួយគ្រឿងទៀតក្រឡាប់ផ្ងារជើងចាក់បន្លែចោលពេញផ្លូវ បន្ទាប់ពីបើកច្រាសទិសគ្នាបុកគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការទ័ពជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភាគីខាងរថយន្តម៉ាកCOROLA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2H-0617 រួមដំណើមានគ្នា៣នាក់ ប្រុសម្នាក់ ជាអ្នកបើកបរ និងស្រ្តី២នាក់រួមដំណើរជាមួយ ។ ចំណែកភាគីរថយន្ត កូរ៉េ ម៉ាកKIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-9527 ជិះគ្នា២នាក់ ដឹកបន្លែពេញរថយន្ត ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េដឹកបន្លែ បើកពីកើតទៅលិចល្បឿនលឿន លុះដល់ចំណុចខាងលើ ដូចគេណាត់គ្នាចឹង បានបុកជាមួយរថយន្តCOROLA បើកពីលិចទៅកើតច្រាស់ទិសគ្នា ក្នុងល្បឿនលឿនដូចគ្នា ធ្វើឲ្យរថយន្តទាំង២គ្រឿង គេចរាងខ្លួន ជ្រុលទៅក្រឡាប់ដេក ចាក់បន្លែពេញផ្លូវ និងមួយគ្រឿងទៀត ទៅដេកត្រាំទឹកស្អុយក្នុងប្រឡាយ ។

ក្រោយកើតហេតុ ភាគីសងខាង លូនចេញមកចាប់ដៃគ្នា ដោយគ្មានអ្នកខុស គ្មានអ្នកត្រូវ និយាយត្រូវគ្នា ហៅរថយន្តស្ទូចមកលើក យកទៅជួសជុលរាងខ្លួន ពុំមានខាងណាសងខាងណា កុំឲ្យរំខានដល់សមត្ថកិច្ច ៕

មតិយោបល់