ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវដល់ដៃគូចូលរួមអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញៈ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនបន្តគាំទ្រ និងសហការគ្នាឲ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនជីវភាពប្រជាជនកាន់តែប្រសើរឡើង។

នេះបើតាមការបញ្ជាក់របស់សម្ដេចនៅក្នុងសន្ទរកថា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ គ្រាដែលសម្ដេចចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសភា ដើម្បីស្វែងយល់ពី «ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៧» នៅវិមានរដ្ឋសភា។

សម្ដេច ហេង សំរិន បន្តឲ្យដឹងថា សិក្ខាសាលាថ្ងៃនេះ ជាវេទិកាមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់ គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសម្រាប់សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការទទួលបាននូវព័ត៌មាន និងចំណេះដឹងអំពីដំណើរការវិវឌ្ឍន៍កាលានុវត្តភាព នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ សម្រាប់ធ្វើការសម្រេចចិត្តក្នុងពេលអនុម័តច្បាប់ថវិកាជាតិនាពេលខាងមុខឲ្យទទួលបាននូវគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គម។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបានសមិទ្ធផលធំធេង និងគួរឲ្យកត់សម្គាល់ តួរយ៉ាងការកំណត់គោលដៅក្នុងការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ដែលជាមធ្យមកំណើនស្ថិតក្នុងរង្វង់ ៧% ជាប់ៗគ្នា ដែលធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសទី៦ ក្នុងចំណោមឯកទគ្គករកំណើនទាំង៨ នៅលើពិភពលោក និងធ្វើឲ្យកម្ពុជា ទទួលបានចំណាត់ថ្នាក់ជាប្រទេសជោគជ័យបំផុតទី៤ លើពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងទាញកម្ពុជា ឲ្យក្លាយជាកូនខ្លាមួយនៅអាស៊ី។ ការពិតណាស់លទ្ធផលទាំងនេះ វាជាបេសកកម្មដ៏លំបាកមួយ និងមានបញ្ហា ប្រឈមនានាទាំងខាងក្នុង និងខាងក្រៅ រួមមានការប្រកួតប្រជែង ក្នុងតំបន់និងពិភពលោក ការវាទទីសេដ្ឋកិច្ចពីសំណាក់ប្រទេសអ្នកមានមកលើប្រទេសក្រីក្រ ពិសេសហានិភ័យ នៃគ្រោះធម្មជាតិ ភាពរាំងស្ងួត ដែលពិភពលោក និងកម្ពុជា ជួបប្រទះក្នុងឆ្នាំ២០១៦នេះ។

ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជនបន្តគាំទ្រ និងសហការគ្នាឲ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជាឲ្យ កាន់តែមានភាពរីកចម្រើន ជីវភាពប្រជាជនកាន់តែប្រសើរឡើង៕

មតិយោបល់