ព័ត៌មានជាតិ

បុគ្គលិកស្រាបៀរហ្គេនស្បឺតម្នាក់ តូចចិត្តនឹងប្តីដែលទើបតែរៀបការបាន៨ខែឈ្លោះគ្នាចុះចេញពីផ្ទះ សម្រេចចិត្តបញ្ចប់ជីវិត..

ភ្នំពេញៈ នារីម្នាក់បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯង ព្រោះតែតូចចិត្តនឹងប្តីដែលទើបតែរៀបការបាន៨ខែ ហើយឈ្លោះគ្នាចុះចេញពីផ្ទះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៩០ បន្ទប់ជួលលេខ២៨ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សេន វឌ្ឍនា ភេទស្រី អាយុ២៧ឆ្នាំ បុគ្គលិកស្រាបៀរហ្គេនស្បឺត ស្នាក់នៅបន្ទប់ជួលលេខ២៨ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ស្រុកកំណើតភូមិដោម ឃុំតាអូ ស្រុកគិរីវង្ស ខេត្តតាកែវ។

បើតាមសម្តីពីបុរសម្នាក់មានឈ្មោះ កាន់ ពិសាល អាយុ២០ឆ្នាំ ជាអ្នកមើលការខុសត្រូវ ផ្ទះជួលកើតហេតុខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺស្ត្រី២នាក់បានមករកនារីរងគ្រោះនៅបន្ទប់កើតហេតុខាងលើ តែដោយទ្វារបន្ទប់កើតហេតុខាងលើជាប់គន្លឹះពីក្នុងហើយគាត់ក៏បានយកសោទៅចាក់ដើម្បីបើកទ្វារ។ ខណៈពេលនោះដើចូលទៅក៏ស្រាប់តែឃើញនារីរងគ្រោះបានធ្វើអត្តឃាតដោយយកខ្សែកំណាត់ចងកខ្លួនឯងជាប់និងចម្រឹងដែកបង្អួចស្លាប់យ៉ាងអណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅកន្លែងកើតហេតុ។

ប្រភពដដែលបានបន្តថានៅវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែមករា លូនៅក្នុងបន្ទប់ជួលជាប់បន្ទប់ជួលកើតហេតុខាងលើស្ទះ ហើយគាត់ក៏បានទៅគោះទ្វារបន្ទប់កើតហេតុដើម្បីសុំម្ចាស់បន្ទប់ធ្វើការបូមលូ។ ហើយពេលនោះនារីរងគ្រោះក៏បានបើកទ្វារមកប្រាប់គាត់ថា «ថ្ងៃនេះខ្ញុំមានធុរៈ ខ្ញុំមិនឲ្យចូលទេ» បន្ទាប់មកនារីរងគ្រោះក៏បិទទ្វារទៅវិញទៅ ហើយមួយសន្ទុះក្រោយមកនារីរងគ្រោះក៏បានដើរចេញទៅក្រៅបាត់ទៅហើយគាត់ក៏មិនបានចាប់អារម្មណ៍ថានារីរងគ្រោះចូលមកវិញពីពេលណាដែល។ លុះដល់វេលាកើតហេតុទើបដឹងថានារីរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ។

បើតាមសម្តីពីស្ត្រីម្នាក់ឈ្មោះ គឹម ផាន់នី អាយុ៦០ឆ្នាំ ដែលជាម្តាយបង្កើតរបស់នារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមករា នារីរងគ្រោះដែលជាកូនស្រីរបស់គាត់បានទូរសព្ទពីកន្លែងធ្វើការមកប្រាប់គាត់ថា« ប្តីរបស់ខ្ញុំបានផ្ញើសារមកប្រាប់ខ្ញុំថាគាត់យកខោអាវចេញទៅស្នាក់នៅខាងក្រៅមួយរយៈសិន ព្រោះនៅទីនេះយើងចេះតែឈ្មោះគ្នា» ហើយគាត់ក៏ប្រាប់ទៅកូនស្រីវិញថា«បើចឹងកូនកុំគិតច្រើនពេកទៅផ្ទះវិញ ញ៉ាំបាយហើយបិទទ្វារចាក់សោឲ្យស្រួល ហើយកុំមានគំនិតគិតខ្លីអីឲ្យសោះណា» ហើយគាត់ក៏បិទទូរសព្ទទៅ។ ស្រាប់តែមួយសន្ទុះក្រោយមកគាត់បានទូរសព្ទទៅនារីរងគ្រោះដែលជាកូនស្រីវិញ ស្រាប់កូនស្រីរបស់គាត់មិនលើកទូរសព្ទ ហើយគាត់ខំប្រឹងព្យាយាមតេទៅទៀតតែកូនស្រីនៅតែមិនលើក។ ពីមួយថ្ងៃទៅមួយថ្ងៃខំព្រឹងព្យាយាមទូរសព្ទទៅកូនស្រីតែនៅតែមិនលើកនិងបានទៅរកកូនស្រីរបស់គាត់នៅឯផ្ទះដន្លងនៅឯខេត្តកំពង់ស្ពឺនៅតែមិនឃើញកូនស្រីរបស់គាត់សោះ។ រហូតដល់ថ្ងៃកើតហេតុគាត់ក៏បានទៅរកកូនស្រីរបស់គាត់នៅឯបន្ទប់ជួលកើតហេតុខណៈពេលទៅដល់ស្រាប់តែឃើញទ្វារបន្ទប់ចាក់គន្លឹះពីក្នុងហើយគាត់ក៏បានទូរសព្ទទៅកូនស្រីទៀតស្រាប់តែឮសម្លេងចេញមកពីក្នុងបន្ទប់ហើយពេលដែលចូលទៅក្នុងបន្ទប់ក៏ស្រាប់តែឃើញកូនស្រីរបស់គាត់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ហើយបើតាមសម្តីពីបុរសឈ្មោះ កូយ ចាន់រ៉ា អាយុ២៧ឆ្នាំ ជាជាងធ្វើស្លាកយីហោដែលត្រូវជាប្តីរបស់នារីរងគ្រោះបានឲ្យដឹងថាគាត់និងនារីរងគ្រោះដែលជាប្រពន្ធបានរៀបការជាមួយគ្នាអស់រយៈពេល៨ខែមកហើយ។ ហើយកន្លងមកក្នុងអំឡុង៨ខែដែលពួកគាត់បានរៀបការជាមួយគ្នា គឺតែងតែមានការរកាំរកូសឈ្លោះប្រកែកគ្នារហូតព្រោះមូលហេតុរឿងលុយចំណងដៃ។ ព្រោះពេលនោះគឺទៅប្រារព្ធវិធីមង្គលការនៅផ្ទះគាត់ ហើយលុយចំណងដៃដែលបានពីខាងស្រីត្រូវបានឪពុកម្តាយខាងស្រីប្រគល់អោយពួកគាត់ទាំងពីរទុក ដោយឡែកលុយចំណងដៃដែលបានពីខាងប្រុសត្រូវបានឪពុកម្តាយរបស់គាត់យកទុកដើម្បីសងអីវ៉ាន់គេ ដូច្នេះហើយទើបបង្កអោយនារីរងគ្រោះដែលជាប្រពន្ធខឹងរហូតមក។ ហើយក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមកមុនថ្ងៃកើតហេតុនារីរងគ្រោះតែងតែឈ្លោះប្រកែចនិងជេរឪពុកម្តាយរបស់គាត់ដែលជាប្តីរហូត លុះដល់ថ្ងៃទី២៦ ខែមករា គាត់ក៏បានសម្រេចចិត្តចាកចេញពីប្រពន្ធមួយរយៈទៅនៅផ្ទះម្តាយដើម្បីកុំឲ្យចេះតែឈ្លោះគ្នាច្រើនពេក លុះដល់វេលាកើតហេតុស្រាប់តែម្តាយក្មេកទូរសព្ទទៅប្រាប់ថានារីរងគ្រោះដែលជាប្រពន្ធបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកត្រួតពិនិត្យនិងធ្វើកោសលវិច័យលើសពនារីរងគ្រោះឃើញថាពិតជាស្លាប់ដោយការចងកសម្លាប់ខ្លួនពិតប្រាកដមែន និងប្រគល់ទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯវត្តចាក់អង្រែក្រោម។
https://youtu.be/KzPGd_UHZZo

មតិយោបល់