ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ខណៈដែលជិះម៉ូតូឌុបគ្នា ហើយត្រូវបានរថយន្តកុងតឺន័របើកបុកពីក្រោយពេញទំហឹង។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ពៅ ឆេងលី ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិកោះប្រាក់ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូ ម៉ាកPCX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ នគរបាល 1 -7218 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-9312 ធ្វើដំណើរស្របទិសគ្នាមកពីក្រោយបុកពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូដួលបោកក្បាលទៅនឹងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ ។
ភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់បានចម្ងាយប្រហែលជិត២គីឡូទើបឈប់រថយន្តប្លុងចោលហើយចុះគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់ ៕




មតិយោបល់