ឥណ្ឌាៈ ប្រភពពីរដ្ឋមន្រ្តីខេត្ត បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៦ នាក់ បានស្លាប់បាត់បង់ជីវិត នៅរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា អំទ្បុងពេលរថយន្តក្រុងមួយគ្រឿង ដែលដឹកអ្នកដំណើរ ៥៥ នាក់ បានធ្លាក់ចូលទៅក្នុងទន្លេ កាលពីព្រឹកថ្ងៃច័ន្ទ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
លោក Suvendu Adhikari រដ្ឋមន្ត្រីដឹកជញ្ជូននៅរដ្ឋ West Bengal បាននិយាយថា រថយន្ដនោះ បានធ្លាក់ចូលទៅក្នុងទន្លេ Bhairav នៅកម្ពស់ប្រហែល ៩ ម៉ែត្រ ពីលើស្ពានមួយ បន្ទាប់ពីអ្នកបើកបរបានបាត់បង់ការបញ្ជាចង្កូតរបស់ខ្លួន នៅចម្ងាយប្រហែល ២៨០ គីឡូម៉ែត្រ ពីភាគខាងជើងរដ្ឋធានី Kolkata ។
ក្នុងនោះលោកបានបញ្ជាក់ថា សាកសពជនរងគ្រោះទាំងនោះ ត្រូវបានរកឃើញបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះអស់រយៈពេល ៦ ម៉ោង ដោយអ្នកនៅរស់រានមានជីវិត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក។
ពាក់ព័ន្ធនឹងហេតុការណ៍នេះ រដ្ឋាភិបាល West Bengal បានបើកការស៊ើបអង្កេតផងដែរ ហើយបានប្រកាសផ្ដល់ប្រាក់សំណងចំនួន ៧,៨៦៥ ដុល្លារអាមេរិកដល់គ្រួសារជនរងគ្រោះនីមួយៗថែមទៀតផង៕
មតិយោបល់