ព័ត៌មានជាតិ

ស្រុកកែវសីមា! ឈ្មួញនៅតែមិនញញើតចំពោះការបង្ក្រាបរបស់ជំនាញ បន្តដឹកឈើទៅលក់នៅវៀតណាម យ៉ាងព្រងើយ

មណ្ឌលគិរី: ឈើប្រណីតតម្លៃរាប់ពាន់ដុល្លារ រួមនឹងរថយន្តប្រភេទដំរីទឹក១គ្រឿង ត្រូវបានអាវុធហត្ថខេត្តមណ្ឌលគិរី រួមនឹងស្រុកកែវសីមា ស្ទាក់ចាប់បាន ខណ:កំពុងដឹកជញ្ជូនចេញពីដែនព្រៃកាពារកែវសីមា ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងបរិស្ថាន ដែលទើបទទួលបានការផ្ទេរឲ្យគ្រប់គ្រងពីតំបន់ព្រៃកាពារអភិរក្សជីវចម្រុះសីមា ដែលគ្រប់គ្រងដោយក្រសួងកសិកម្ម។

ប្រតិបត្តិការបង្ក្រាបរថយន្តកែច្នៃខាងលើ ធ្វើឡើងនៅម៉ោងប្រមាណ៧៖១០នាទី ព្រលប់ថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

រហូតមកទល់នឹងព្រឹកថ្ងៃទី១៤ ខែមិថុននេះ គេនៅមិនទាន់ដឹងអំពីបរិមាណឈើ ដែលមន្ត្រីអាវុធហត្ថចាប់បង្ក្រាបនោះឡើយ តែព័ត៌មានដែលទទួលបាន គឺឈើទាំងនោះ មានចំនួន១២ដុំ មានមុខកាត់ចាប់ពី៤០សង់ទីម៉ែត្រ គុណនឹង៤០សង់ទីម៉ែត្រ ប្រវែង៤ម៉ែត្រឡើងទៅ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា រថយន្តកែច្នៃខាងលើ មានម្ចាស់ឈ្មោះ តាយ៉ែម ជាខ្សែស្រឡាយរបស់មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី មានទីលំនៅគីឡូម៉ែត្រ១៣៦ ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ឈ្មោះ តាយ៉ែម ជាមុខសញ្ញារកស៊ីឈើប្រភេទគ្រឿងផ្ទះ និងឈើហ៊ុបជ្រុងៗ ដែលកាប់ចេញពីដែនព្រៃកាពារកែវសីមា ជាយូរណាស់មកហើយ។

ប្រជាពលរដ្ឋដែលរស់នៅភូមិឆ្នែង បានឲ្យដឹងថា រូបភាពដែលឈ្មោះ តាយ៉ែម រកស៊ីឈើបច្ចុប្បន្ន គឺដឹកប្រភេទឈើគ្រឿងផ្ទះ មកទម្លាក់នៅដីរបស់ខ្លួន និងលក់ចែកចាយឲ្យរថយន្តសាំយ៉ុង ដឹកបន្តទៅខេត្តត្បូងឃ្មុំ ចំណែកឈើជ្រុងធំៗ គឺដឹកយកទៅលក់នៅព្រំដែនកម្ពុជា-វៀតណាម ចំណុចព្រំប្រទល់ខេត្តមណ្ឌលគិរី និងក្រចេះ៕

មតិយោបល់