ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ផ្សារថ្មីទី២ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីបុរសនារី ជាជនជាតិបរទេស២នាក់ តែមិនបានសម្រេច។
ករណីនេះកើតឡើងនៅម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចជិតធនាគារ អេសុីលីដា តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានឈ្មោះ ធី ពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅម្ដុំសូរិយាម៉ល។ ចំណែកបក្ខពួកម្នាក់រត់គេចខ្លួនបាត់ស្រមោល។ រីឯម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពម៉ាក ស៊ុយស៊ូគីស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1E-9988 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដែលជនជាតិបរទេសប្រុសស្រី២នាក់ ដើរបណ្ដើរគ្នាតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បូង (បញ្ច្រាសផ្លូវ) ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះតែត្រូវជនរងគ្រោះទាញមកវិញ ធ្វើឲ្យម៉ូតូជនសង្ស័យវិលមួយជុំដួល និងស្រែកឆោឡោផ្អើលប្រជាពលរដ្ឋធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ចោលម៉ូតូរួចខ្លួនម្នាក់ និងម្នាក់ទៀតត្រូវប្រជាពលរដ្ឋចាប់វាយម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបាននាំជនសង្ស័យទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ កសាងសុំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់