ព័ត៌មានកីឡា

ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយអតីតជម្រើសជាតិបារំាង U14 ជាផ្លូវការ!

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចុះកិច្ចសន្យាជាមួយកីឡាករ Alexandre You ដែលធ្លាប់ជាជម្រើសជាតិបារាំង U14 ជាផ្លូវការ ដើម្បីពង្រឹងក្រុមមុនពេលរដូវកាលថ្មីឆ្នាំ ២០១៨ ចាប់ផ្តើម។

អ្នកចាំទីរូបនេះ កើតនៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ១៩៩៤ នៅភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប៉ុន្តែបានធ្វើដំណើរទៅរស់នៅប្រទេសបារាំងតាំងតែពីអាយុ ១ ឆ្នាំមកម្ល៉េះ ។ ជាងនេះទៅទៀត យុវជន Alexandre You ក៏ធ្លាប់ជាសមាជិកក្រុម U14 របស់ជម្រើសជាតិបារាំង និងធ្លាប់បង្ហាញខ្លួនបានចំនួន ៤ លើកផងដែរ ។ នៅក្នុងវ័យកុមារនាទឹកដីមហាអំណាចអឺរ៉ុបនេះ Alexandre You បានចូលហ្វឹកហាត់បាល់ទាត់ជាមួយក្រុម Toulouse Football Club និងបានចូលរួមជាមួយក្លិបនេះតាំងពីឆ្នាំ ១៩៩៩ រហូតដល់ឆ្នាំ ២០១០ ។

ក្នុងវ័យ ១៨ឆ្នាំ រូបគេបានផ្ទេរទៅលេងនៅក្លិប US Colomiers FC ដែលជាសមាជិកក្របខ័ណ្ឌលំដាប់ទី ៤ របស់បារាំងពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១២ មុននឹងប្តូរទៅលេងនៅក្លិប Toulouse Fontaines FC (សមាជិកក្របខ័ណ្ឌលំដាប់ទី ៤ បារាំង) ក្នុងរយ:ពេល ១ ឆ្នាំ នាឆ្នាំ ២០១៣ ។ អ្វីដែលគួរឱ្យកត់សម្គាល់ដែរនោះគឺ កីឡាកររូបនេះអាចនិយាយបាន ៤ ភាសាគឺខ្មែរ, ថៃ, បារាំង និង អេស្ប៉ាញ ៕

មតិយោបល់