បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនថា៖ ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងចំពោះកិច្ចប្រតិបត្តិការរបស់មន្រ្តីនគរបាល(ចរាចរណ៍ផ្លូវគោក) នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបំពេញភារកិច្ចលើដងផ្លូវ។
ទាក់ទងនឹងបញ្ហានេះ លោកវរសេនីយ៍ឯក សាត គឹមសាន្ត នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានបញ្ជាក់ថា ការបញ្ឈប់យានយន្តដែលធ្វើចរាចរណ៍តាមដងផ្លូវ ក្នុងបំណងត្រួតពិនិត្យរាល់ឯកសារនានា គឺនគរបាលបានបំពេញនូវតួនាទីនិងភាកិច្ចរបស់ខ្លួនហើយទោះបីជាការត្រួតពិនិត្យយានយន្តនោះដោយញឹកញយក៏ដោយ។
ករណីដែលលើកឡើងថា នគរបាលចរាចរណ៍បានបញ្ឈប់យានយន្តហើយសុំប្រាក់ពីម្ចាស់យានយន្តដោយគ្មានហេតុផលនោះ លោកវរសេនីយ៍ឯក សាត គឹមសាន បានលើកឡើងថា នោះគឺជាអំពើល្មើសច្បាប់(ប្រសិនបើដូចការលើកឡើងនោះមែន)។
ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្លាប់បានបញ្ជាក់ទាំងពេលមុនក៏ដូចពេលបច្ចុប្បន្នថា ករណីដែលមានមន្រ្តីនគរបាលចរាចរណ៍ណាម្នាក់អនុវត្តដោយខុសឆ្គង (ការទាមទារប្រាក់ក្នុងករណីអ្នកបញ្ជាយានយន្តមិនមានកំហុស ឬមានកំហុសតែការផាកពិន័យមិនចេញប័ណ្ណពិន័យ ឫសរសេរក្នុងប័ណ្ណពិន័យចំនួនប្រាក់ពិន័យផ្សេងពីទឹកប្រាក់ដែលបានពិន័យ) សូមប្រជាពលរដ្ឋពិសេសអ្នកប្រើប្រាស់យានយន្តដែលទទួលរងនូវភាពអយុត្តិធម៌នេះ រាយការណ៍ជូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង តាមរយៈក្រុមការងារប្រតិកម្មរហ័សតាមរយៈលេខទូរស័ព្ទ (0714333352/012530230) ឬផ្ញើខ្លឹមសារចូលក្នុង(Inboxpage)ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្នងការដ្ឋានធ្វើការស្រាវជ្រាវ និងមានវិធានការចំពោះមន្រ្តីនគរបាលនោះស្របតាមកំហុសឆ្គងដែលបានប្រព្រឹត្ត សូមអរគុណ៕
មតិយោបល់