ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស៣នាក់ ស្រវឹងស្រាបង្កអំពើហិង្សាលើសមត្ថកិច្ចត្រួតពិនិត្យចរាចរណ៍

រតនគិរី: បុរស៣នាក់ត្រូវបានសមត្តកិច្ចនគបាលចរាចរណ៍ជើងគោកឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើការត្រួតពិនិត្យឃើញថា ផ្ទុកជាតិអាល់កុល ហើយជននោះបានប្រើអំពើហិង្សា និងជេប្រមាថមកលើក្រុមសមត្តកិច្ចខ្លាំងៗព្រមទាំងអ្នកសារព័ត៌មានផងដែរ។

ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបែកជាបួនកែងវិទ្យាល័យសម្តេចឪសម្តេចម៉ែ ស្តិតនៅភូមិអភិឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

យោងតាមកំណត់ហេតុត្រួតពិនិត្យអ្នកបើកបរមានផ្ទុកជាតិស្រវឹងរបស់សមត្តកិច្ចចរាចរណ៍ជើងគោកបានឲ្យដឹងថា បុរស៣នាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿង ទី១ឈ្មោះ ឃឹម ខួច អាយុ៣២ឆ្នាំជនជាតិខ្មែរ ជាអ្នកបើកបរ(ម្ចាស់ម៉ូតូ)មានពាក់មួកសុវត្ថិភាព ដាក់ខ្លួនឲ្យសមត្តកិច្ចធ្វើតេស្តជាតិអាល់កុល។ ទី២ឈ្មោះ យ៉ាត អាយុ២៧ឆ្នាំជនជាតិខ្មែរ អត់ពាក់មួកសុវត្ថិភាព ទី៣ឈ្មោះ វ៉ាន វ័ន (ហៅប៉ែត) អាយុ៣៧ឆ្នាំជនជាតិខ្មែរ អត់ពាក់មួកសុវត្ថភាព(ជើងខ្លាំង) បានប្រើពាក្យអសុរោះ ប្រមាថមើលងាយក្របួចកអាវសមត្តកិច្ចវិញ។ អ្នកទាំង៣មានទីលំនៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុង។ មុខរបរជាងជួសជុលក្នុងក្រុមហ៊ុនម៉ាស៊ីនគូបូតា សាខាខេត្តរតនគិរី។

លោកវរសេនីយ៍ទោ ឈិន ថេន អនុប្រធានការីយាល័យចរាចរណ៍ជើងគោកខេត្ត ក្រោយពីប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹងរកឃើញជាតិអាល់កុលមានចំនួន១.១៧មីលីលិត្រ ត្រូវបានឈ្មោះ វ៉ាន វ័ន(ហៅប៉ែត)ស្ទុះមកក្របួចកអាវលោកបម្រុងវ៉ៃបានកូនចៅជួយទាន់ ធ្វើឲ្យលោកទ្រាំមិនបានវាយខ្នោះហើយបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគបាលខេត្ត ដើម្បីឃុំខ្លួនបណ្តោះអាសន្នភ្លាមៗតែម្តង។ ចំណែកបុរសឈ្មោះ ឃឹម ខួច ម្ចាស់ម៉ូតូមានចរិតស្លូតបូតឲ្យនៅក្រៅឃុំ ។

បច្ចុប្បន្ន បុរសបង្កទាំង២នាក់សមត្តកិច្ចកំពុងបំពេញសំណុំបែបបទ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់