កណ្តាលៈ អំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើង បណ្តាលឲ្យជនរងគ្រោះជាឪពុកចុង រងរបួសក្បាលធ្ងន់ ខណៈដែលចូលទៅឃាត់កូនៗកំពុងឈ្លោះប្រកែក វាយប្រតាយប្រតប់គ្នារឿងបាត់លុយ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២និង១៥នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ (ឪពុកចុង)ឈ្មោះ អំ តារា ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិ ព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងសំណង់។
ជនល្មើស(កូនដើម) ឈ្មោះ អឿន សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បើកបររថយន្ត (ឃាត់ខ្លួន)។
លោកអធិការបញ្ជាក់ថា នៅវេលានិងទីកន្លែងកើតហេតុខាងលើ ជនល្មើសបានឈ្លោះប្រកែកគ្នាជាមួយប្អូនបង្កើតរបស់ខ្លួនរឿងបាត់លុយឈានដល់ការប្រតាយប្រតប់គ្នា ឃើញដូចនេះជនរងគ្រោះក៏ចូលទៅជួយឃាត់ ក៏ត្រូវក្បាលនឹងដងពូថៅ ហើយដួលបោកត្រូវចំកន្ទុយរ៉ឺម៉កបណ្តាលឲ្យរយះក្បាលហូរឈាមតែម្តង។ បន្ទាប់មកត្រូវបានអ្នកជិតខាងជួយឃាត់បំបែកចេញ ភ្លាមនោះសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើសរួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់