ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូស្កូបពីក្នុងល្បឿនលឿនបុកពីក្រោយកង់បី បណ្តាលឲ្យកង់បីក្រឡាប់នឹងបុរសជាអ្នកបើកម៉ូតូនោះរងរបួសធ្ងន់ ហើយម្ចាស់កង់បីរងរបួសស្រាលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ជាម្ចាស់ម៉ូតូកង់បី ពាក់ស្លាកលេខ កណ្តាល1H-8495 បើកជាធម្មតា ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកស្កូបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ1BC-2744 បើកបរដោយបុរសម្នាក់បើកក្នុងល្បឿនលឿនបុកពីក្រោយម៉ូតូកង់បីពេញទំហឹង បណ្តាលឲ្យក្រឡាប់កង់បីធ្វើឲ្យម្ចាស់កង់បីរងរបួសស្រាល រីឯម្ចាស់ម៉ូតូដែលបុកវិញរងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយកម៉ូតូនឹងកង់បី យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕
https://youtu.be/NQGg3cbUKGg
មតិយោបល់