ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបង្កឡើងដោយម៉ូតូម៉ាកឌ្រីម ធ្វើដំណើរពីអូរចំណារ ឆ្ពោះទៅរោងចក្របិតត្រាង បានបើកទាក់ដៃចង្កូតជាមួយកានស្រា ជ្រុលទៅធ្លាក់ទឹកលូស្អុយ បណ្តាលឲ្យស្លាប់យ៉ាងអាណាចអាធ័ម។
ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃពុធ ១៥កើតកើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២និង២០នាទីរសៀល ស្ថិតលើផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាង ត្រង់ចំណុចជាប់រោងចក្រស្រោមដៃ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ មុំ សារ៉េត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1M-8755 ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកសព ប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងនិងស្រាសចំនួន៥កាន ប្រគល់ទៅឲ្យក្រុមគ្រួសារជនរងគ្រោះរក្សាទុក៕


មតិយោបល់