ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានធ្វើការព្រមានចំពោះក្រុមហ៊ុនឯកជនមួយណាដែលគាស់កាត់ទ្រូងផ្លូវ និងកន្លែងសាធារណៈនានា រួមនិងការមិនដាក់ស្លាកសញ្ញាផ្សេងៗ ដោយមិនសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្មើនឹងការបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ ។
លោកបន្តថា កន្លងមកនេះមានក្រុមហ៊ុនមួយចំនួនអនុវត្តន៍ការងាររបស់ខ្លួនមិនបានត្រឹមត្រូវនោះទេ ដូចជាមិនដាក់ស្លាកសញ្ញាឲ្យប្រជាពលរដ្ឋបានដឹង ការជូសឆាយផ្លូវ ហើយទុកការដ្ឋានចោលយូរថ្ងៃជាដើម ដែលការធ្វើបែបបនេះ វាបានធ្វើប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ដូច្នេះទេអាជ្ញាធរពិសេសមន្ទីរសាធារណការ ត្រូវតែមានវិធានការឲ្យបានម៉ឺងម៉ាត់ មិនត្រូវឲ្យប្រជាពលរដ្ឋជេរទៀតនោះទេ។ ម្យ៉ាងវិញទៀតការស្ថាបនាផ្លូវ សួនច្បារ ដាច់ខាតត្រូវតែមានការបង្កប់ទុយោកាត់ទទឹងផ្លូវឲ្យហើយ ជៀសវាង ការកាត់ គាស់កកាយផ្លូវ បណ្តាលឲ្យខូចខាតផ្លូវទៀត។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍បែបនេះកាលពីព្រឹកថ្ងៃទី១៤ មិថុនា ខណៈអញ្ជើញជាអធិបតី ក្នុងអង្គប្រជុំស្តីពីការឆ្លើយបំភ្លឺ ចំពោះសំណើរ និងសំណូមពរ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ និងក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២ ដែលបានធ្វើរួចមកហើយនៅតាមខណ្ឌទាំង១២ ក្នុងឆ្នាំ២០១៥កន្លងមក។
ក្នុងកិច្ចប្រជុំពិភាក្សាខាងលើនេះធ្វើឡើង ដើម្បីស្វែងរករាល់អ្វីដែលជាសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងរាជធានីទូទាំង១២ខណ្ឌ ដែលនៅសេសសល់មិនទាន់ដោះស្រាយ និងដើម្បីត្រៀមគោលនយោបាយផ្សេងៗក្នុងវេទិការសាធារណៈសម្រាប់ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ក្នុងវេទិកាសាធារណៈលើកទី៣ របស់ក្រុមប្រឹក្សារាជធានី កាលពីឆ្នាំ២០១៥ ប្រជាពលរដ្ឋទាំង១២ ខណ្ឌបានលើកបញ្ហា និងសំណូមពរចំនួន១១២៣ករណីក្នុងនោះការលើកឡើងផ្ទាល់មាត់មានចំនួន១៨២បញ្ហា ហើយត្រូវបានដោះស្រាយភ្លាមៗ និងជាលាយលក្ខអក្សរចំនួន៩៤១ ដែលត្រូវលើកយកមកដោះស្រាយក្នុងថ្ងៃនេះ៕
មតិយោបល់