ព័ត៌មានជាតិ

រដ្ឋាភិបាល​នឹង​ខាត​សន្លឹកឆ្នោត បើ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន មិន​ដោះស្រាយ​បញ្ហា​ការឡើង​គីឡូរ​ភ្លើង​ខុស​ប្រក្រតី​

​ប៉ៃលិន​៖ ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ កើតឡើង​កាលពី រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​១០៥​គ្រួសារ​មាន​ការកើត​ទុក​មិន​សុខចិត្ត បាន​ប្តឹង​តវ៉ា​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ អំពី​បញ្ហា​ភ្លើង​ឡើង​គីឡូ​ខុសពី​ធម្មតា ក្នុង​ខែ​មិនា ឆ្នាំ​២០១៥​កន្លងទៅ​។ ហើយ​ការប្តឹងតវ៉ា​នេះ បាន​កើតឡើង​ជា​ច្រើន​ដង​រួចមកហើយ ប៉ុន្តែ​អាជ្ញាធរខេត្ត​ប៉ៃលិន ពុំ​មាន​វិធានការ​ដោះស្រាយ​ឲ្យ​ពួកគាត់​នោះ​ទេ ទុកឲ្យ​ក្រុមហ៊ុនអគ្គីសនី​ឯកជន​មួយ​នេះ ធ្វើ​តាម​អំពើ​ចិត្ត ។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ បានឲ្យ​អ្នកយក​ព័ត៌មាន​ដឹងថា​៖ កាលពី​ថ្ងៃ​ទី​១២​ខែ​មេសា​ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​អនុញ្ញាតិ​អោយ​តំណាង​មន្ទីរ​រ៉ែ​ថាមពល តំណាង​ក្រុមហ៊ុន​ភ្លើង​អគ្គីសនី​ឯកជន​ផ្សារ​ព្រំ និង​តំណាង​ប្រជាពលរដ្ឋ​មក​ចូលរួម​ប្រជុំ​ដោះស្រាយ​ម្តង​រួចមកហើយ ជា​លទ្ធផល តំណាង​ក្រុមហ៊ុន​ភ្លើង​អគ្គីសនី​បាន​ផ្អាក​មិន​អោយ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ភ្លើង​ឡើង​គីឡូ​ទាំងនោះ​បង់​សេវា​ប្រើប្រាស់​ក្នុង​ខែ​មិនា​នោះទេ ចាំ​អោយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​ត្រួតពិនិត្យ​មើល​សិន ។ ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា​៖ អាជ្ញាធរខេត្ត​បាន​ជំរុញ​អោយ​មន្ទីរ​រ៉ែ​ថាមពល​ធ្វើ​លិខិត​ស្នើរ សុំ​អោយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា ចុះមក​ស្រាវជ្រាវ​រក​មូលហេតុ​អំពី​ការឡើង​គីឡូ​ភ្លើង​នេះ​។ តែ​ក្រោយ​ពី​អាជ្ញាធរ​អគ្គីសនី​មក​ត្រួតពិនិត្យ គឺ​បាន​ធ្វើ​តែ​ផ្ទះ​មួយ​ចំនួន ប៉ុណ្ណោះ​ដោយ​ឆ្លើយថា កុងទ័​រភ្លើង​មិន​មាន​បញ្ហា​អ្វី​ទេ ព្រោះ​រដូវ​នេះ​ជា​រដូវក្តៅ​បានជា​ឡើង​ខុសធម្មតា​។​តែ​ប្រជាពលរដ្ឋ​មិន​ទទួលយក​នោះទេ បើ​ខុស​ហេតុអ្វី​ខុស​តែ​ក្នុង​ខែ​មិនា​នោះ ចុះ​ខែ​មុនៗ​មិន​លើស​ដូច​ខែ​មិនា​នេះ​។​
លោកស្រី​ខិត សុ​ម៉ាលី តំណាងអោយ​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ផ្សារ​ព្រំ បានអោយដឹងថា​៖ មូលហេតុ​ដែល​ពួកគាត់​បាន ប្តឹង​តវ៉ា​អំពី​ភ្លើង​នេះ គឺ​ដោយសារ​ការប្រើប្រាស់​ភ្លើង​ក្នុង​ខែ​មិនា វា​ឡើង​គីឡូ​ច្រើនពេក វា​មិន​តុល្យៈភាព​ដូច​ខែ​មុនៗ​នោះទេ ។ លោកស្រី​បន្ត​ថា​៖ ជា​រៀងរាល់​ខែ​គ្រួសារ​គាត់​ប្រើ​អស់​ថវិកា​ចំនួន ៤,១០០​បាត​តែ​ប៉ុណ្ណោះ តែ​ក្នុង​ខែ​មិនា​ឆ្នាំ​២០១៥​គឺ​កើនឡើង​ដល់​៩,៥០០​បាត​។ ហើយ​គ្រួសារ​តូច​ជាងគេ​ប្រើ​អស់​២៣០​បាត តែ​បាន​កើនឡើង​៧៥០​បាត និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​បាន​កើនឡើង​ទ្វេគុណ​ដល់​ទៅ​ជាង​១០០%​ឯណោះ​។ លោកស្រី​បន្ថែមថា​៖ ក្នុងករណី​នេះ​ដែរ​តំណាង​ក្រុមហ៊ុន​អគ្គីសនី​បានអោយដឹងថា បើ​បងប្អូន​ប្រជាពលរដ្ឋ​មិន​បាន​បង់​សេវា​ភ្លើង​ជូន​ទេ​នោះ​រយៈពេល​៥​ថ្ងៃ​ទៀត​នឹង​បិទ​ភ្លើង​មិន​អោយ​ប្រើប្រាស់​ទៀត​ទេ​។ ដូច្នេះ​ក្នុង​នាម​ប្រជាពលរដ្ឋ​ទាំងអស់​សូម​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​អោយ​ពួកគាត់​បាន​សមស្រប​ផង គឺ​ទី​១ អោយ​ពួកគាត់​បង់​សេ​វ៉ា​ក្នុង​ខែ​មិនា​ដូច​ខែ​មុនៗ ទី​២​សុំ​អោយ​បុគ្គ​លឹក​ក្រុមហ៊ុន​ធ្វើការ​បូកសរុប​កុងទ័​រ​ភ្លើង​អោយបាន​ច្បាស់លាស់ ទី​៣ សូម​កុំ​អោយ​ក្រុមហ៊ុនអគ្គីសនី​ឯកជន​បិទ​ភ្លើង ។ បើ​អាជ្ញាធរ​ខេត្ត​មិន​ទទួលយក​សំណូមព​រទាំង​៣​ចំណុច​នោះ​ទេ ពួកគាត់​នឹង​ធ្វើ​សំណើរ​សុំ​ដល់​ការិយាល័យ​តំណាងរាស្ត្រ​ជួយ​ដោះស្រាយ​ថែម​ទៀត​។
​អ្នកយក​ព័ត៌មាន​កម្ពុ​ជាថ្មី​ប្រចាំ​ខេត្ត​ប៉ៃលិន មិនអាច​សុំ​ការបញ្ជាក់​ពី​តំណាង​ក្រុមហ៊ុនអគ្គីសនី​ឯកជន​ភូមិ​ផ្សារ​ព្រំ បានទេ ដោយ​ទូរស័ព្ទ​មិន​ចូល ។​
​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​លោក ធូ ភា អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ដល់​អ្នក​សា​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៧ ខែ​ឧសភា នេះ​ថា​៖ កន្លងមក​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ដោះស្រាយ​ជូន​ពួកគាត់​ជា​៣​តំណាក់កាល រវាង​ក្រុមហ៊ុនអគ្គីសនី និង​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​៣៥​គ្រួសារ​ទទួល​ស្គាល​ចំនួន​តែ​ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​មិន​ទទួលស្គាល់​នោះទេ ដោយ​ពួកគាត់​ចោទប្រកាន់​ថា​ការត្រួតពិនិត្យ​នេះ គឺ​មាន​ការ​អាថ៌កំបាំង​ក្នុងនោះ​បាន​អោយ​ពួកគាត់​មាន​ការ​កើត​ទុក​មិន​សុខចិត្ត​ប្តឹងតវ៉ា​បន្ត​ទៀត​ដូច្នោះ ។ លោក​មាន​ប្រសា​ស​ន៏​បន្តទៀតថា​៖ អាជ្ញាធរ​ខេត្ត​ពុំ​មាន​វិធានការ​ដោះស្រាយ ឲ្យ​ពួក​គាត់​បន្ត​ទៀត​ទេ តែ​និង​ជួយ​សម្របសម្រួល​បន្ថែម​ទៀត ។​
​សូមបញ្ជាក់​ថា​៖​ករណី​ខាងលើ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ចោទសួរ​ថា តើ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ទុកឲ្យ​ប្រជាពលរដ្ឋ​ដែល​ខ្លួន​គ្រប់គ្រង រស់​ក្រោម​ការជិៈជាន់​របស់​ឈ្មួញ​រកស៊ី​ឯកជន​មួយ​នេះ ឫ​ក៏​មាន​ការឃុបឃិត​គ្នា ដើម្បី​បំផ្លាញ​សន្លឹង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ពួកគាត់​សុទ្ធតែ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ៕
Fr
Fr2

មតិយោបល់