ព័ត៌មានជាតិ

កម្លាំងចម្រុះចុះបង្ក្រាបអាហារដ្ឋានមួយកន្លែង រឹបអូសសត្វព្រៃមួយចំនួនធំ ឃាត់ខ្លួនមនុស្សម្នាក់

ប៉ៃលិនៈ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបអាហារដ្ឋានមួយកន្លែង ដែលលួចលក់សាច់សត្វព្រៃ និងរឹបអូសសាច់សត្វព្រៃជិត១០០គីឡូក្រាម ហើយឃាត់ខ្លួនម្ចាស់ហាងម្នាក់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្បែរស្ពានភ្នំដំបង ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តប៉ៃលិនបានឲ្យដឹងថា ដោយបានសេចក្តីរាយការណ៍ពីបណ្តាញសម្ងាត់មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានសុំយោបល់ពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះរួមមាន រដ្ឋបាលព្រៃឈើខេត្តប៉ៃលិន មន្ត្រីអភិរក្សសត្វព្រៃ (MJP) និងកងរាជអាវុធហត្ថខេត្ត បានចុះទៅបង្ក្រាបអាហារដ្ឋានមួយកន្លែងក្បែរក្បាលស្ពានភ្នំដំបង ដែលមានម្ចាស់ឈ្មោះ ទៀង សែន ភេទប្រុស អាយុ៦១ឆ្នាំ ជាជនពិការជើងឆ្វេង ដោយរឹបអូសបានសត្វព្រៃដូចជា សត្វអណ្តើកចំនួន៥០ក្បាល ទម្ងន់៤៩គីឡូក្រាម សត្វត្រកួតចំនួន១៣ក្បាល ទម្ងន់៤៣,៩គីឡូក្រាម រួមទាំងសាច់សត្វចម្រុះចំនួន៥គីឡូក្រាម ព្រមទាំងឃាត់ខ្លួនម្ចាស់ហាងយកមកធ្វើការសាកសួរផងដែរ។

ប្រភពដដែលបន្តទៀតថា សត្វព្រៃទាំងនេះខាងរដ្ឋបាលព្រៃឈើ នឹងសុំគោលការណ៍ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីយកទៅព្រលែងចោលនៅក្នុងព្រៃក្នុងតំបន់អភិរក្សភ្នំខៀវ។ ដោយឡែងជនសង្ស័យខាងលើ ខាងរដ្ឋបាលព្រៃឈើ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ន គេសង្កេតឃើញតាមហាងមួយចំនួនក្នុងខេត្តប៉ៃលិន សត្វព្រៃ ត្រូវបានម្ចាស់ហាងទាំងនោះ លក់ដូរយ៉ាងគគ្រឹកគគ្រេង ហើយមិនដែលឃើញសមត្ថកិច្ចណា ចុះបង្ក្រាបនោះឡើយ មិនតែប៉ុណ្ណោះអ្នកខ្លះចូលក្នុងហាងទិញកម្មង់យកតែសត្វព្រៃមកហូបផងដែរ៕

មតិយោបល់