ព័ត៌មានជាតិ

ជិះ​​ម៉ូតូបត់ឆ្លងផ្លូវ​ ត្រូវរថយន្ត​បុក ស្លាប់យ៉ាងរន្ធត់!

កំពង់ធំៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ត បើកបុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូដេកស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃសុក្រ ​២រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស​២៥៦១ ត្រូវនឹងថ្ងៃទី​២ ខែកម្ភះ ឆ្នាំ​២០១៨ វេលាម៉ោង១១និង៤៣នាទីព្រឹក ស្ថិត​លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២២៦-២២៧ ភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនរងគ្រោះមានឈ្មោះ ចាន់​ ចូច ភេទប្រុស អាយុ​៥០ឆ្នាំ(ស្លាប់​) ស្នាក់នៅភូមិគោករវៀង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ជិះម៉ូតូ​ហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1O-1588។ ចំណែកម្ចាស់រថយន្តសាំងយ៉ុង ពណ៌លឿង ស្លាកលេខភ្នំពេញ 2AE-5874 ដោតអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)​។

​មូលហេតុជាបឋម គឺបង្កដោយអ្នកបើក​ម៉ូតូ បើកបត់ឆ្វេង​ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងរថយន្តមានល្បឿនលឿន​។ ក្រោយកើតហេតុ សមត្ថកិច្ចប្រគល់សព​ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ​ ព្រមទាំងចងក្រងសំណុំរឿង តាមនីតិវិធីច្បាប់​ និង​វត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្ទោង៕

មតិយោបល់