ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចោទអាមេរិក កំពុងព្យាយាមប្រែក្លាយព្រឹត្តិការព៍អូឡាំពិក ទៅជាការប្រឈមមុខដាក់រវាងកូរ៉េទាំងពីរ

កូរ៉េៈ រដ្ឋាភិបាលក្រុងយ៉ាង នៅថ្ងៃសៅរិ៍នេះ បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា កំពុងព្យាយាមបង្វែរព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាខាងមុខ នៅទីក្រុង PyeongChang ឲ្យក្លាយទៅជារោងមហោស្រព នៃការប្រឈមមុខដាក់គ្នា រវាងកូរ៉េខាងត្បូង និងខាងជើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយ កាលពីថ្ងៃសុក្រថា អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានអះអាងថា លោកនឹងចូលរួមប្រកួតកីឡាអូឡាំពិករដូវរងារនាពេលខាងមុខ ដើម្បីទប់ស្កាត់ការឃោសនាវាយប្រហារ ពីសំណាក់កូរ៉េខាងជើង។

ប្រភពដដែល បានឲ្យដឹងទៀតថា លោក Pence នឹងរៀបចំសន្និសិទកាសែតជាបន្តបន្ទាប់មុន និងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ដើម្បីធ្វើឲ្យប្រាកដថា ទីលាននោះ នឹងមិនក្លាយជាតំបន់ឃោសនាបែបនោះ សម្រាប់ក្រុងព្យុងយ៉ាងនោះទេ។

សូមជំរាបថា លោក Pence ដែលឪពុករបស់លោក គឺជាទាហានអាមេរិកម្នាក់ ដែលបានចូលរួមក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ត្រូវបានគេដឹងថា មានជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រឆាំងនឹងកូរ៉េខាងជើង៕

មតិយោបល់