ភ្នំពេញៈ បុរសនារីពីរនាក់ បានជិះម៉ូតូទៅលេងស្រុកកំណើរ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ តែជាអកុសលបែរជាទៅជួប និងគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្ត បណ្តាលឲ្យនារីម្នាក់ ស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវហាណូយ កែងនិងផ្លូវឧកញាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសនារីទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1Gk-4076 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើក៏បានបើកឆ្លងកាត់ផ្លូវឧកញ៉ាម៉ុងរិទ្ធី ខណៈដែលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក KIA ពណ៌ខៀវ ជាប្រភេទរថយន្តកូរ៉េមួយតោន ដឹកទឹកកក ពាក់ស្លាកលេខ កំពត2A-1407 ដែលបើកបរដោយបុរសពីរនាក់ តាមបណ្តោយផ្លូវឧកញាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតភ្លោងជាង១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ រីឯបុរសដែលជាអ្នកបើករងរបួសបាក់ជើងខាងស្តាំ និងស្ត្រីដែលអង្គុយពីក្រោយសន្លប់ស្តូកស្តឹង ចំណែកឯរថយន្តរងការខូចខាតបន្តិចបន្តួច។ ភ្លាមៗនោះរថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួន ទៅមុខបណ្តាលឲ្យកិនស្ត្រីរងគ្រោះ ជាប់ក្រោមកង់រថយន្តអូសជិត៥០ម៉ែត្រ ទើបរថយន្តបង្កព្រមឈប់ ចំណែកឯអ្នកបើកបររថយន្ត បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ដោយឡែកស្ត្រីរងគ្រោះ បានដាច់ខ្យល់ស្លាប់ភ្លាមៗ នៅក្រោមរថយន្តយ៉ាងអាណោចអាធ័ម។ បន្ទាប់មកបុរសរងគ្រោះ ជាប្អូនប្រុស ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនសម្ភពពន្លឺ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ រីឯសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ នៅវត្តទឹកថ្លា ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់